ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៤ និងនាំយកទេយ្យទានប្រគេនព្រះសង្ឃគង់នៅវត្តចំនួន៣ ក្នុងឃុំក្រាំងស្គារ
កំពង់ឆ្នាំង៖ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំក្រាំងស្គារ ព្រមទាំង ឯកឧត្តម លោក លោកស្រី ជាអនុប្រធាន និងសមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ,គណៈកម្មាធិការបក្សឃុំ និងសាខាបក្សភូមិទាំង៧ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមកម្មវិធីកាន់បិណ្ឌវេនទី៤ និងនាំយកនូវទេយ្យទាន ព្រមទាំងបច្ច័យប្រគេនព្រះសង្ឃវត្តភ្នំតាសាំ វត្តចំបក់ប្រាសាទ និងវត្តត្រពាំងម្លូរ ស្ថិតក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បាននាំយកនូវទេយ្យទានជាគ្រឿងឧបភោគ បរិភោគ វេរប្រគេនដល់ព្រះសង្ឃ និងអញ្ជើញរាប់បាត្រប្រគេនព្រះសង្ឃ ដើម្បីជាការសន្សំកុសលផលបុណ្យ ព្រមទាំងបាន ឧទ្ទិសមគ្គផល ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបិតា ជីដូនជីតា និងញាតិកាទាំងប្រាំពីរសណ្តាន រួមទាំងដួង
វិញាណក្ខន្ធវីរ:កងទ័ពដែលបានពលីជីវិតដើម្បីការពារបូរណភាពទឹកដីប្រឆាំងនឹងកងទ័ពថៃឈ្លានពានទឹកដី។
នៅក្នុងពិធីនោះដែរ ឯកឧត្តមបណ្ឌិតក៏បានលើកឡើងពីអត្ថន័យ និងសារ:សំខាន់នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌផងដែរ ដែលជាពិធីបុណ្យជាតិមួយដ៏ធំ នៅក្នុងចំណោមពិធីបុណ្យជាតិជាច្រើនទៀត ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុក ម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោចខែភទ្របទ ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិតក៏បានលើកឡើងពីស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចជោ និងសម្តេចធិបតី នាយករដ្ឋមន្រ្តី ដែលលទ្ធផលកម្ពុជា-ថៃ បានអនុវត្តបទឈប់បាញ់គ្នា,កម្ពុជាឈ្នះថៃលើសមរភូមិការទូត,សមរភូមិលើដី,សមរភូមិលើអាកាស និងផ្លូវច្បាប់អន្តរជាតិ និងបានធ្វើអោយពិភពលោក ស្គាល់កម្ពុជាកាន់តែច្រើន និងជួយកម្ពុជាជាបន្តបន្ទាប់ ។
ពាក់ព័ន្ធនឹងភាពអត់ធ្មត់របស់រាជរដ្ឋាភិបាល ឯកឧត្តមបណ្ឌិតក៏បានជម្រាបជូនប្រជាពលរដ្ឋថា ថ្មីៗនេះសម្តេចធិបតីបានបកស្រាយបំភ្លឺរួចហើយ និងសូមបន្តការជឿជាក់លើរាជរដ្ឋាភិបាល។
មុននឹងបញ្ចប់ឯកឧត្តមបណ្ឌិត បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលតែងតែជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក និងសូមបន្តគាំទ្របន្តទៀត ដើម្បីសុខសន្តិភាព និងវិបុលភាពលើគ្រប់វិស័យ ។






