ទឹកជំនន់នៅកោះបាលីប្រទេសឥណ្ឌូណេស៊ី ផ្តាច់ជីវិតមនុស្សកើនដល់១៤នាក់ ខណៈ២នាក់បន្តបាត់ខ្លួន

(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៉ី នាថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា តួលេខអ្នកដែលបានបាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់ នៅកោះបាលីក្នុងសប្តាហ៍នេះ បានបន្តកើនដល់១៤នាក់ ប៉ុន្តែភ្លៀងបានឈប់ធ្លាក់ហើយ រីឯកម្រិតទឹកក៏បានស្រកទៅវិញ នៅតំបន់ភាគច្រើនផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥។
អ្នកនាំពាក្យទីភ្នាក់ងារបង្ការគ្រោះមហន្តរាយ លោក Abdul Muhari បានប្រាប់ថា មនុស្ស២នាក់នៅបន្តបាត់ខ្លួន ក្នុងទីក្រុង Denpasar ដែលជារដ្ឋធានីរបស់កោះបាលី ហើយភ្នាក់ងារសង្រ្គោះចំនួន១២៥នាក់ ត្រូវបានដាក់ពង្រាយដើម្បីស្វែងរកពួកគេ។ ទន្ទឹមគ្នានេះ មនុស្សសរុបច្រើនជាង៥០០នាក់ ត្រូវបានជម្លៀសចេញពីកន្លែងរងគ្រោះ ទៅកាន់សាលារៀននិងព្រះវិហារ។
គួរបញ្ជាក់ថា ភ្លៀងធ្លាក់យ៉ាងខ្លាំងក្លាកាលពីថ្ងៃអង្គារនិងថ្ងៃពុធសប្តាហ៍នេះ បានបង្កជាគ្រោះទឹកជំនន់នៅទីក្រុង Denpasar និងតំបន់ចំនួន៦ នៃតំបន់ទាំង៨របស់កោះបាលី។ បើតាមអាជ្ញាធរឥណ្ឌូណេស៉ី ពុំមានជនបរទេស ស្ថិតក្នុងចំណោមអ្នកស្លាប់ឡើយ។ ដោយឡែក ការធ្លាក់ភ្លៀងខ្លាំង ក៏បានផ្តាច់ជីវិតមនុស្សយ៉ាងហោច៤នាក់ នៅខេត្ត East Nusa Tenggara របស់ឥណ្ឌូណេស៉ី ផងដែរ៕

You might also like