លោក ហេង រតនា សំណូមពរដល់រដ្ឋាភិបាលជប៉ុន បន្ដជួយគាំទ្របោសម្អាតមីននៅកម្ពុជា

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក និងជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានសំណូមពរដល់រដ្ឋាភិបាលជប៉ុន តាមរយៈJICA ដើម្បីបន្ដជួយគាំទ្រដល់វិស័យសកម្មភាពកំចាត់មីននៅកម្ពុជា ជាពិសេសគាំទ្រកម្ពុជាក្នុងការងារបោសម្អាតមីនរយៈពេល៥ឆ្នាំ ។
នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក និងជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា និងក្រុមការងារអង្គភាពCMAC បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកឧត្តមបណ្ឌិត តាណាកា អាគិហិកុ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ដើម្បីស្វែងយល់ពីកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជានិយាយជារួម និងនិយាយដោយឡែកសមិទ្ធផលដែលអង្គភាពCMACសម្រេចបាន ជាពិសេសក្នុងរយៈពេលជាង២៧ឆ្នាំមកនេះ JICA បានផ្តល់ជូនរាជរដ្ឋាភិបាលនូវសម្ភារបច្ចេកទេសបោសសម្អាតមីនជាច្រេីនប្រភេទ រួមទាំងគ្រឿងចក្រកម្ទេចមីនធុនធ្ងន់មានចំនួនជាង៥០គ្រឿង ។
លោក ហេង រតនា បានថ្លែងអំណរគុណចំពោះលោកបណ្ឌិតដែលបានចំណាយពេលវេលាដ៏មានតម្លៃនិងមមាញឹក អញ្ជើញមកបំពេញទស្សនកិច្ចនៅទីបញ្ជាការ CMAC ភ្នំពេញ ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា។ ក្នុងជំនួបនេះដែរ ខ្ញុំបានជម្រាបជូនលោកបណ្ឌិតអំពីប្រវត្តិសង្គ្រាមនៅកម្ពុជា បញ្ហាគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលជាសំណល់យុទ្ធភណ្ឌសង្គ្រាម ដំណើរការនៃការកសាងសន្តិភាព ការអភិវឌ្ឍន៍ប្រទេសឡើងវិញក្រោយសង្គ្រាមត្រូវបានបញ្ចប់ ព្រមទាំងបានចែករំលែកបទពិសោធន៍ និងកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាព CMAC លើការងារបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា។ ទន្ទឹមនឹងនេះ តាមរយៈឯកឧត្តមបណ្ឌិត ខ្ញុំក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនិងប្រជាជនជប៉ុន ជាពិសេសមន្ត្រីថ្នាក់ដឹកនាំJICAគ្រប់ឋានានុក្រម ដែលតែងតែផ្ដល់ការគាំទ្រនិងជំនួយដល់វិស័យសកម្មភាពកំចាត់មីនរបស់អង្គភាព CMAC ជាពិសេសការផ្ដល់ជំនួយគាំទ្រការកសាងអគារហ្វឹកហ្វឺននៅខេត្តកំពង់ឆ្នាំង និងសារមន្ទីរតេជោសន្ដិភាពនៅខេត្តសៀមរាប សម្រាប់ដាក់បង្ហាញរូបភាពប្រវត្តិសាស្ត្រសង្គ្រាម ប្រវត្តិជនរងគ្រោះដោយសារសង្គ្រាម ព្រមទាំងសំណល់គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌសង្គ្រាម ដើម្បីរំលឹកការចងចាំនៃមរតកសង្គ្រាម និងតម្លៃមហាសាលនៃសន្តិភាព ។
មុននឹងបញ្ចប់ លោក ហេង រតនា ក៏បានសំណូមពរដល់រដ្ឋាភិបាលជប៉ុន តាមរយៈJICA ដើម្បីបន្ដជួយគាំទ្រដល់វិស័យសកម្មភាពកំចាត់មីននៅកម្ពុជា ជាពិសេសគាំទ្រកម្ពុជាក្នុងការងារបោសម្អាតមីនរយៈពេល៥ឆ្នាំក្នុងអណត្តិស្នើសុំបន្តរអនុវត្តអនុសញ្ញាអន្ដរជាតិអូតាវ៉ាដល់ឆ្នាំ២០៣០ ។
ជាការឆ្លើយតប លោកបណ្ឌិត តាណាកា អាគិហិកុ បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាព CMAC ដែលជាអង្គភាពឈានមុខគេលើការងារបោសសម្អាតមីននៅកម្ពុជា និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការកសាងសន្ដិភាពតាមរយៈការចែករំលែកបទពិសោធន៍ និងជំនាញបច្ចេកទេសដល់បណ្ដាលប្រទេសដែលរងគ្រោះដោយសារសង្គ្រាមនៅជុំវិញពិភពលោក។ លោកបណ្ឌិត ក៏បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតសារមន្ទីរតេជោសន្តិភាពដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន សម្រាប់អប់រំដល់អ្នកជំនាន់ក្រោយពីបញ្ហាសង្រ្គាម និងការកសាងសន្តិភាពតាមរយៈការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម។ បន្ថែមពីនេះលោកបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់អង្គភាព CMAC ក្នុងស្រាវជ្រាវការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗក្នុងវិស័យបោសសម្អាតមីន ជាមួយអ្នកជំនាញជប៉ុន ដូចជាម៉ាស៊ីនរាវមីនប្រភេទ ALIS ក៏ដូចជាការបញ្ញាសិប្បនិម្មិតជាដើម។ លោកក៏បានលើកឡើងពីការប្ដេជ្ញាចិត្តក្នុងការបន្តគាំទ្ររបស់ JICA ក្នុងការសហការជាមួយអង្គភាព CMAC ក្នុងការស្រាវជ្រាវ និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីបោសសម្អាតនៅតំបន់ដែលរងប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គញរាម ដើម្បីផ្តល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ លើសពីនេះលោកមានការភ្ញាក់ផ្អើល និងបានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះគឺមានការអភិវឌ្ឍន៍យ៉ាងខ្លាំងគួរអោយកត់សម្គាល់ ដូចជាព្រលានយន្តហោះថ្មី និងហេដ្ឋារចនាសម្ព័ន្ធនានា ៕

You might also like