ថៃ ជួបព្យុះកំបុតត្បូងយ៉ាងសាហាវ ខណៈ៣៩ខេត្ត ប្រឈមព្យុះភ្លៀងដ៏គ្រោះថ្នាក់

ខេត្ត Chachoengsao ប្រទេសថៃ បានជួបប្រទះព្យុះកំបុតត្បូងដ៏សាហាវភ្លាមៗ ដោយបោកកម្ទេចផ្ទះចំនួន៥ខ្នង បណ្តាលឲ្យមានមនុស្សស្លាប់និងរបួស ប៉ុន្តែថៃមិនទាន់បញ្ចេញតួលេខទេ។

តាមការផ្សាយរបស់ Khaosod កាលពីរាត្រីថ្ងៃអាទិត្យទី១២ខែតុលាឆ្នាំ២០២៥ ព្យុះបានវាយប្រហារភ្លាមៗនៅភូមិលេខ៣ ឃុំ Theparat នៃស្រុក Ban Pho។

អ្នកភូមិបានឲ្យដឹងថា ព្យុះនេះមានឥទ្ធិពលខ្លាំងណាស់ ដោយខ្យល់កន្ត្រាក់បានបោកបំប៉ើងដំបូលផ្ទះ ព្រមទាំងបង្កការខូចខាតដល់ផ្ទះជាច្រើនខ្នងថែមទៀត។

មិនមែនតែនៅខេត្ត Chachoengsao ទេ នៅឯ Chonburi ឯណោះជួបព្យុះកំបុតត្បូងនិងខ្យល់កួចដែរ ដោយវាបានបោកបក់មកបំផ្លាញហាងនានានិងវាយប្រហារអ្នកដើរលេងកម្សាន្ត ធ្វើឲ្យអ្នកខ្លះត្រូវប៉ើងតាមខ្យល់។

ព្យុះនេះកើតឡើងចំពេលនាយកដ្ឋានឧតុនិយមថៃ ព្រមានថា ខេត្តចំនួន៣៩ ភាគច្រើននៅប៉ែកខាងត្បូង ត្រូវប្រឈមជាមួយនឹងភ្លៀងធ្លាក់ខ្លាំង បង្កគ្រោះថ្នាក់គ្រប់ពេល។

ស្របពេលជាមួយគ្នានោះ សូម្បីទីក្រុងបាងកកនិងតំបន់ជុំវិញក៏មានហានិភ័យគ្រោះថ្នាក់ផងដែរ ខណៈបើតាមការព្យាករ រាជធានីរបស់ប្រទេសថៃ នឹងជួបព្យុះភ្លៀង៧០%៕

You might also like