អគារអតីត «សណ្ឋាគារអង្គរមានជ័យ» ដែលទ្រុឌទ្រោមខ្លាំងត្រូវបានក្រសួងរៀបចំដែនដី និងអាជ្ញាធររាជធានីភ្នំពេញ ត្រៀមរៀបចំវាយរំលំ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរ បានចាប់ផ្តើមរៀបចំដំណើរការវាយរំលំអគារអតីត «សណ្ឋាគារអង្គរមានជ័យ» នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ ដែលមានទីតាំង ស្ថិតនៅ មហាវិថីព្រះមុនីវង្ស កែងនិងមហាវិថីកម្ពុជាក្រោម ភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ដំណើរការវាយរំលំអគារនេះ មានការចូលរួមពីលោក យស់ ឆោមណារ៉ាឌី រដ្ឋលេខាធិការ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរខណ្ឌ ៧មករាផងដែរ។
សូមបញ្ជាក់ថា អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) មានក្រឡាផ្ទៃបាតទំហំ សរុប៥៩០ម៉ែត្រការ៉េ មានកម្ពស់៦ជាន់ ស្មើនឹង១០៧បន្ទប់។ អគារនេះមានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើង តាំងពីអំឡុងឆ្នាំ១៩៥០ គិតមកដល់បច្ចុប្បន្នសំណង់អគារមានអាយុ ៧៥ឆ្នាំមកហើយ។
សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះគ្រួសារដែលរស់នៅក្នុងអគារ ឬម្ចាស់បន្ទប់ សរុប៦៥គ្រួសារ មានចំនួន ៦២គ្រួសារ បានស្រុះស្រួលឯកភាពបញ្ឈប់ការរស់នៅក្នុងអគារអង្គរមានជ័យ ដោយឯកភាពទទួលយកសំណងតាមតម្លៃទីផ្សារ ទៅរស់នៅទីកន្លែងផ្សេងដែលមានសុវត្ថិភាព។
ដោយឡែកនៅសល់គ្រួសារចំនួន៣ ដែលពុំទាន់ឯកភាពទទួលយក ដំណោះស្រាយនៅឡើយ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឯកភាពជាគោលការណ៍តម្លើងតម្លៃដល់ ២ ៥០០ដុល្លារអាមេរិកក្នុង១ម៉ែត្រការ៉េ ដែលធ្វើឱ្យតម្លៃគោល (គិតពីជាន់ផ្ទាល់ដីដល់ជាន់ទី៦) កើនដល់ ៧ ៦៩០ដុល្លារអាមេរិកក្នុង១ម៉ែត្រការ៉េ លើសពីតម្លៃទីផ្សារប្រមាណ ២២% ដោយយោងតាមតម្លៃដែលក្រុមហ៊ុនចំនួន ០៣បានធ្វើការវាយតម្លៃពីឆ្នាំ២០២៣ដល់២០២៥។
ក្រសួងបានទុកពេលវេលាឱ្យជាច្រើនខែមកហើយជូន គ្រួសារទាំង៣មកទទួលយកសំណង តែពួកគាត់មិនទាន់សម្រេចចិត្តមកទទួលយក ដោយសារភាពចាស់ទ្រុឌទ្រោម របស់អគារនេះ៕

You might also like