ភាពយន្តខ្លីសរុប៧៧រឿង ពី២២ប្រទេស ត្រៀមចាក់បញ្ចាំងនៅមហោស្រពភាពយន្តខ្លីចតុមុខ លើកទី១៤
មហោស្រពភាពយន្តខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) ដែលជាមហោស្រពភាពយន្តខ្លី ដំបូងគេ និងមានតែមួយគត់នៅកម្ពុជា បានប្រកាសជាផ្លូវការ នៃការចាក់បញ្ចាំងខ្សែភាពយន្តខ្លីប្រតិដ្ឋ និងភាពយន្ត ឯកសារសរុប ៧៧រឿង មកពី២២ប្រទេស ដែលបានជ្រើសចេញពី១៩៦ចំណងជើងរឿង ដែលបានដាក់ពាក្យចូលរួមប្រកួតសម្រាប់ទស្សនិកជនកម្ពុជា នៅឆ្នាំ២០២៥នេះ។
នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ មហោស្រពភាពយន្តខ្លីចតុមុខ មានកិត្តិយសរៀបចំកម្មវិធីសន្និសីទសារព័ត៌មាន អំពីមហោស្រពរបស់ខ្លួននៅរោងភាពយន្ត Fable Cinema ដើម្បីផ្សព្វផ្សាយពីបេសកម្មរបស់យើង។ កម្មវិធីនេះមានការចូលរួមពីឯកឧត្តម ពេទ្យ អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ហួយ សុជាតិ អនុប្រធាននាយកដ្ឋាន សិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមិទ្ធករ ភ្ញៀវកិត្តិយស។
លោក ស៊ុំ ស៊ីថែន ប្រធានមហោស្រពឆ្នាំទី១៤នេះថ្លែងថា៖ មហោស្រពភាពយន្តខ្លីចតុមុខមានសារៈសំខាន់ ណាស់សម្រាប់ប្រទេសកម្ពុជាដើម្បី ជួយដល់ទស្សនិកជនរបស់យើងឱ្យទទួលបានបទពិសោធន៍ពីការស្រមើស្រមៃ ជាសកល និងគំនិតរបស់អ្នកផលិតភាពយន្តខ្មែរដែលនឹងជះឥទ្ធិពល មកលើប្រទេសរបស់យើង។ CSFF បានបង្កើតឡើង ដោយក្រុមយុវជនស្ម័គ្រចិត្តខ្មែរ ដោយដឹកនាំដោយ «ក្រុមភាពយន្តឈូករ័ត្ន» ហើយត្រូវបានទទួលស្គាល់ថាជាមហោស្រព ដែលលើកកម្ពស់ និងផ្ដល់រង្វាន់ដល់អ្នកផលិតភាពយន្តដែលមានទេពកោសល្យនៅកម្ពុជា ក៏ដូចជានៅអាស៊ីអាគ្នេយ៍ ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១២មក។ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល ១៤ឆ្នាំ CSFF មិនត្រឹមតែជាវេទិកាមួយដ៏សំខាន់សម្រាប់នាំយកភាពយន្តខ្លី អន្តរជាតិល្អៗមកកាន់កម្ពុជាដើម្បីតភ្ជាប់កម្ពុជា ទៅកាន់ពិភពលោកប៉ុណ្ណោះនោះទេ CSFFក៏ជាកន្លែងបង្ហាញទេពកោសល្យ របស់អ្នកផលិតភាពយន្តរបស់កម្ពុជាទៅកាន់ពិភពលោកផងដែរ ជាក់ស្តែងកាលពីឆ្នាំ២០២៤កន្លងទៅនេះភាពយន្តខ្មែរចំនួន២ ត្រូវបានយកទៅចាក់បញ្ចាំងមហោស្រពភាពយន្ត Asia-Pacific Youth Micro Movie Festival នៅទីក្រុងហុងកុងតួរយ៉ាងគឺរឿង «ស្នេហ៍ឆ្លងវេលា» និង «កញ្ញា អតិថិជន» ទៅដាក់ប្រកួតលើឆាកអន្តរជាតិ ហើយ ដែលនេះគឺជាការបន្តបេសកកម្មដ៏ចាំបាច់ របស់ CSFF ដើម្បីចូលរួមបង្ហាញភាពរឹងមាំរបស់កម្ពុជាក្នុងការចូលរួម យ៉ាងសកម្មជាអន្តរជាតិដើម្បីអភិវឌ្ឍន៍ភាពយន្តរបស់កម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក បានបន្តថា នៅក្នុងឆ្នាំ២០២៥ នេះ CSFF នឹងរៀបចំឡើងរយៈពេល ៤ថ្ងៃជាប់ៗគ្នា គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែតុលា ដែលក្នុងនោះមានកម្មវិធីបើក និងបិទមហោស្រពផងដែរ។ ទស្សនិកជនដែលចង់លើកទឹកចិត្តយុវសមិទ្ធិករ និងចង់មានចូលចិត្តភាពយន្តខ្មែរក៏ដូចជាបរទេស និងអាចមកចូលរួមទស្សនារាល់រឿងខ្លី ជាប់ជម្រើសទាំងអស់នៅតាមរោងភាពយន្ត ដូចជា Legend Exchange Square, Fable Cinema, Meta House, and French Institute of Cambodia។ ជាមួយគ្នានេះដែរ មហោស្រពភាពយន្តខ្លីចតុមុខ (CSFF) ក៏កំពុងស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ដើម្បីរៀបចំកម្មវិធី និងរបស់របរផ្សព្វផ្សាយដល់សមិទ្ធករ សិស្សនិស្សិត និងមហាជន ក៏ដូចជាទំនុកបម្រុង ដល់ក្រុមការងារមហោស្រព និងការចាក់បញ្ចាំង ឡើងវិញតាមខេត្តនេះ។
លោក អ៊ុង ស៊ីវថុង ប្រធានក្រុមក៏បានបង្ហើបដែរថា៖ «CSFF ដើរតួនាទីយ៉ាងសំខាន់ក្នុងវិថីផលិត ភាពយន្ត។ ក្នុងឆ្នាំ២០២២ បានចូលរួមជាប្រធានផ្នែកផលិត ហើយមានឱកាសដកពិសោធរៀបចំមហោស្រពពីក្រោយឆាក។ តួនាទីនេះនាំឱ្យមើលឃើញ ទិដ្ឋភាពថ្មីមួយ ពីរបៀបរៀបចំមហោស្រព និងសារៈសំខាន់របស់មហោស្រព។ ឆ្នាំនេះត្រឡប់មកវិញ ដោយសារចង់រៀនបន្ថែម និងជំរុញខ្លួនឱ្យកាន់តែឆ្នៃ ប្រតិដ្ឋ និងបន្តលូតលាស់ជំនាញតាមរយៈសហគមន៍មួយនេះ។ CSFF មិនត្រឹមតែជា មហោស្រពទេ តែជាថ្នាលបណ្តុះយុវសមិទ្ធិករយើង និងជួយឱ្យពួកយើងមានការទទួលស្គាល់ទៀត លើឆាកអន្តរជាតិទៀត។
លោក សុខ ច័ន្ទវាសនា ប្រធានផ្នែកក្រោយផលិតរបស់ CBS និងជាមេប្រយោគក្នុងស្រុក បានកត់សម្គាល់ ពីការរីកចម្រើន របស់ភាពយន្តខ្មែរតាមរយៈតួរនាទីរបស់លោក ក្នុងមហោស្រពនេះថា៖ សមត្ថភាពរបស់អ្នកផលិត ភាពយន្តក្នុងជំនាន់នេះ គឺកាន់តែប្រសើរឡើង ដោយសារតែផលិតករភាពយន្តជំនាន់មុនបានជួយបណ្តុះបណ្តាល ផលិតភាពយន្តជំនាន់ថ្មីដែលនេះឆ្លុះបញ្ចាំងពីភាពវិជ្ជមាន និងភាពធននៃកសាងធនធានមនុស្ស យើងក្នុងវិស័យនេះ។
ជាមួយគ្នានោះដែរ លោក ហួយ សុជាតិ អនុប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ជាការពិតណាស់ យើងឃើញថាពីមួយឆ្នាំទៅមួយឆ្នាំ មហោស្រពភាពយន្តខ្លីចតុម្មុខ ទទួលបាននូវការគាំទ្រពីសាធារណជនជាតិ និងអន្តរជាតិ កាន់តែច្រើនឡើងៗ ហើយបានក្លាយទៅជាព្រឹត្តិការណ៍វប្បធម៌មួយដ៏សំខាន់ ដែលជាចំណងទំនាក់ទំនងរវាងផលិតករចាស់-ថ្មី ក៏ដូចជាផលិតករជាតិ និងអន្តរជាតិ។ មួយវិញទៀត ព្រឹត្តិការណ៍នេះក៏ជាឱកាសសម្រាប់អ្នកដឹកនាំរឿង ផលិតករ សិល្បករ សិល្បការិនី និងយុវជនដែលស្រឡាញ់វិស័យភាពយន្ត ទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ក្នុងការពង្រឹងសមត្ថភាព ជំនាញ និងគំនិតច្នៃប្រឌិត ដើម្បីបង្កើននូវគុណភាពផលិតស្នាដៃនាពេលក្រោយ។