លោក Trump សាទរថ្ងៃដ៏អស្ចារ្យសម្រាប់តំបន់មជ្ឈិមបូព៌ា ខណៈមេដឹកនាំពិភពលោក ចុះហត្ថលេខាសេចក្តីប្រកាសហ្កាហ្សា

ប្រធានាធិបតីអាមេរិកលោក Donald Trump បានសាទរចំពោះថ្ងៃដ៏អស្ចារ្យមួយសម្រាប់តំបន់មជ្ឈិមបូព៌ា នៅពេលរូបលោក និងបណ្ដាមេដឹកនាំក្នុងតំបន់បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយដែលមានគោលបំណងពង្រឹងបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា ប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីស្រាអែល និងក្រុមហាម៉ាស បានដោះដូរចំណាប់ខ្មាំង និងអ្នកទោស។
លោក Trump បានបំពេញទស្សនកិច្ចរយៈពេលខ្លីទៅកាន់ប្រទេសអ៊ីស្រាអែល ជាទីដែលលោកបានសរសើរលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ក្នុងសុន្ទរកថាទៅកាន់សភា មុនពេលទៅអេហ្ស៊ីបសម្រាប់កិច្ចប្រជុំកំពូលហ្កាហ្សា ដែលលោក និងមេដឹកនាំរបស់ប្រទេសអេហ្ស៊ីប កាតា និងទួរគី បានចុះហត្ថលេខាលើសេចក្តីប្រកាសកាលពីថ្ងៃចន្ទ ១៣ តុលា ជាអ្នកធានាចំពោះកិច្ចព្រមព្រៀងហ្កាហ្សា។
លោក Trump បាននិយាយថា នេះគឺជាថ្ងៃដ៏អស្ចារ្យសម្រាប់ពិភពលោក នេះជាថ្ងៃដ៏អស្ចារ្យសម្រាប់មជ្ឈិមបូព៌ា ខណៈក្រុមមេដឹកនាំពិភពលោកជាង២០ប្រទេស បានអង្គុយជជែកគ្នាក្នុងរមណីយដ្ឋាន Sharm el-Sheikh ។ក្រោយមកលោកបានប្រកាសថា មេដឹកនាំដែលជួបប្រជុំគ្នា សម្រេចបាននូវអ្វីដែលគ្រប់គ្នានិយាយថាមិនអាចទៅរួច។
លោក Trump និយាយក្នុងសុន្ទរកថាមួយថានៅទីបំផុតយើងមានសន្តិភាពនៅមជ្ឈិមបូព៌ាហើយ ។
យោងតាមឯកសារនោះ បណ្ដាប្រទេសហត្ថលេខីបានសន្យាថានឹងបន្តទស្សនវិស័យគ្រប់ជ្រុងជ្រោយនៃសន្តិភាព សន្តិសុខ និងវិបុលភាពរួមគ្នាក្នុងតំបន់ ហើយក៏បានស្វាគមន៍ វឌ្ឍនភាពដែលសម្រេចបានក្នុងការបង្កើតការរៀបចំសន្តិភាពដ៏ទូលំទូលាយ និងយូរអង្វែងនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។
ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi បាននិយាយថា កិច្ចព្រមព្រៀងហ្កាហ្សា បិទជំពូកដ៏ឈឺចាប់មួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ និងកំណត់ដំណាក់កាលសម្រាប់ដំណោះស្រាយរដ្ឋពីរ៕

You might also like