ម៉ាឡេស៊ី ព្រមាន ក្រោយថៃ ផ្អាកកិច្ចព្រមព្រៀងសន្តិភាព និងទាមទារឲ្យរកមូលហេតុពិតនៃការផ្ទុះមីន

ក្រោយពេលទាហានថៃដើរជាន់មីនដាច់ជើងធ្វើឲ្យទីក្រុងបាងកក ឈានដល់ការប្រកាសផ្អាកជាឯកតោភាគីនូវកិច្ចព្រមព្រៀងសន្តិភាពដែលមានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានអាស៊ានឆ្នាំ២០២៥ គឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សីនោះ ពេលនេះទីក្រុងគូឡាឡាំពួ បានព្រមានថា ការផ្អាកកិច្ចព្រមព្រៀង អាចបង្កហានិភ័យរុញភាពតានតឹងកម្ពុជា-ថៃឲ្យឈានដល់កម្រិតឡើងកម្តៅខ្ពស់ដូចកាលពីមុន។ នេះបើតាមការផ្សាយរបស់ The Star។
ថ្លែងនៅថ្ងៃអង្គារទី១១ខែវិច្ឆិកាឆ្នាំ២០២៥ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី Mohd Nizam Jaffar ព្រមានថា កាលបរិច្ឆេទច្បាស់ៗជាច្រើនត្រូវបានកំណត់ក្នុងកិច្ចព្រមព្រៀងនេះ ហើយប្រសិនបើមិនមានអ្វីត្រូវបានអនុវត្តតាមកាលបរិច្ឆេទទាំងនោះទេ ស្ថានការណ៍អាចនឹងវិលទៅរកសភាពដើមវិញ។
ពាក់ព័ន្ធរឿងទាហានថៃដើរជាន់មីន លោក Mohd Nizam Jaffar និយាយថា៖ «យើងដឹងអំពីហេតុការណ៍ផ្ទុះមីននាពេលថ្មីៗនេះ។ យ៉ាងណាត្រូវថ្មមសភាពការណ៍សិន ដើម្បីរកមូលហេតុពិតឲ្យឃើញ»។
តាមសម្តីលោក Mohd Nizam Jaffar, ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មិនត្រូវបានអនុញ្ញាតឲ្យចូលជិតតំបន់កើតហេតុទេ ខណៈ AOT កំពុងឈរជើងចម្ងាយប្រហែល ៤០ គីឡូម៉ែត្រពីកន្លែងផ្ទុះ។ ប្រសិនបើភាពតានតឹងឡើងដល់កម្រិតដូចមុនពេលមានកិច្ចព្រមព្រៀងសន្តិភាព ក្រុមអ្នកសង្កេតការណ៍ទាំងនៅខាងកម្ពុជានិងថៃ នឹងត្រូវត្រឡប់ទៅទីក្រុងបាងកកនិងភ្នំពេញ រៀងៗខ្លួន។
យ៉ាងណា លោក Mohd Nizam Jaffar អះអាងថា ម៉ាឡេស៊ីនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធានាអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ហើយខ្លួននៅតែរក្សាជំហរ ចង់ឃើញដំណើរការសន្តិភាពនិងបទឈប់បាញ់បន្តទៅមុខដូចការគ្រោងទុក៕

You might also like