ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញដឹកនាំប្រតិភូគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ចុះពិនិត្យជាក់ស្តែងការធ្វើអាជីវកម្មបូមខ្សាច់ ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ

នាថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បានអញ្ជើញដឹកនាំក្រុមការងារគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ចុះពិនិត្យការធ្វើអាជីវកម្មបូមខ្សាច់នៅតំបន់កោះឧកញ៉ាតី សង្កាត់ព្រែកហ្លួង និងសង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល និងសង្កាត់ព្រែកលៀប និងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងប្រតិភូនៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់តំណាងមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត និងនាវានុវត្តន៍ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងលេខាធិការដ្ឋានកិច្ចការព្រំដែន បានអញ្ជើញចុះពិនិត្យផ្ទាល់លើទីតាំងបូមខ្សាច់ ក្នុងតំបន់បូមខ្សាច់របស់ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមសសបូឌា) អេនើ តាមដងទន្លេមេគង្គ ដោយមានការចូលរួមពីតំណាងរដ្ឋបាលក្រុងអរិយក្សត្រ និងតំណាងក្រុមហ៊ុន។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានស្នើដល់ក្រុមហ៊ុនដែលទទួលអាជ្ញាប័ណ្ណបូមខ្សាច់ និងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់លើការងារបច្ចេកទេសបូមខ្សាច់ឱ្យបានច្បាស់លាស់ ដើម្បីការពារធនធានខ្សាច់ឱ្យមាននិរន្តរភាព និងការពារច្រាំងទន្លេផងដែរ៕

You might also like