កម្ពុជា តវ៉ាយ៉ាងខ្លាំងក្លា និងផ្លូវការចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃ មកលើទឹកដីកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជាតវ៉ាយ៉ាងខ្លាំងជាផ្លូវការបន្ថែមទៀត ប្រឆាំងនឹងការរំលោភបំពានជាបន្តបន្ទាប់របស់ថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅតាមបណ្ដោយព្រំដែន។ នេះបើតាមឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
អ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ថា ការតវ៉ារបស់កម្ពុជានៅពេលនេះ គឺកើតឡើងនៅក្រោយថៃបានបន្តសកម្មភាពរំលោភបំពានបន្ថែមទៀតមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ក្នុងនោះមានដូចជា សកម្មភាពរបស់ឧត្តមសេនីយ៍ទ័ពអាកាសថៃ បាននាំប្រតិភូអន្តរស្ថាប័ន និងអ្នកសារព័ត៌មានថៃ ទៅកាន់ទីតាំងជាច្រើនក្នុងតំបន់អានសេះ ខេត្តព្រះវិហារ ដោយគ្មានការយល់ព្រមពីកម្ពុជា។ បន្ថែមលើ សកម្មភាពនេះយោធាថៃ ក៏បានសាងសង់លេណដ្ឋានរឹងមាំបន្ថែមមួយទៀត នៅតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ និងបានប្រើគ្រឿងចក្រឈូសឆាយសាងសង់ផ្លូវ និងដឹកជញ្ជូនសសរបេតុងទៅកាន់ទីតាំងនោះថែមទៀតផង។
រាជរដ្ឋាភិបាលកម្ពុជា តវ៉ាយ៉ាងខ្លាំងក្លាប្រឆាំងសកម្មភាពទាំងនេះ ដែលជាការបំពានយ៉ាងច្បាស់លើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់និងខណ្ឌសីមា ដោយផែនទីមាត្រដ្ឋាន ១/២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀម ដោយអនុលោមតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។
សកម្មភាពខាងលើ ក៏រំលោភបំពានលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជានិងថៃស្តីពីការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងរំលោភលើចំណុច I (វិធានការបន្ធូរភាពតានតឹង) នៃសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ឯកឧត្តម ប៉ែន បូណា បានក្រើនរម្លឹកថា រាជរដ្ឋាភិបាលកម្ពុជា មិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយសកម្មភាពទាំងនេះនឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ៕






