វៀតណាម ត្រៀមខ្លួនទប់ទល់ព្យុះថ្មីមួយទៀត ខណៈទើបតែរងគ្រោះពីទឹកជំនន់ដ៏កំណាច
ប្រទេសវៀតណាម កំពុងតែប្រឈមមុខនឹងព្យុះដ៏ខ្លាំងក្លាថ្មីមួយទៀតនៅសមុទ្រចិនខាងត្បូង ខណៈសហគមន៍នៅតំបន់ភាគខាងត្បូងប៉ែកកណ្តាលនៃប្រទេសនេះ នៅតែមិនទាន់រួចផុតពីទឹកជំនន់នៅឡើយ ក្នុងគ្រោះមហន្តរាយធម្មជាតិដ៏កំណាចបំផុតរបស់ប្រទេសនេះក្នុងពេលជាច្រើនឆ្នាំ ដែលបានបណ្តាលឱ្យមនុស្សជាង ១០០នាក់ ស្លាប់ឬបាត់ខ្លួន។
ព្យុះទីហ្វុងថ្មី Verbena ដែលមានឈ្មោះអន្តរជាតិថាព្យុះ Koto បានចូលទៅដល់សមុទ្រចិនខាងត្បូងហើយ នៅព្រឹកព្រលឹមថ្ងៃទី២៦ ខែវិច្ឆិកា ដោយក្រុមអ្នកព្យាកររំពឹងថា ប្រព័ន្ធអាកាសធាតុដ៏អាក្រក់នេះនឹងពង្រឹងកម្លាំងនៅពេលដែលបោកបក់ឆ្លងកាត់ដែនទឹកលើសមុទ្រចិនខាងត្បូង នៅថ្ងៃទី២៧ ខែវិច្ឆិកា នេះ។ ព្យុះនេះត្រូវព្យាករថា នឹងផ្លាស់ទីបន្តិចម្តងៗទៅភាគខាងលិច និងបន្ថយល្បឿនបន្ទាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា មុនពេលចុះខ្សោយនៅចុងសប្តាហ៍នេះ។
ព្យុះនេះកំពុងឆ្ពោះទៅកាន់តំបន់ភាគខាងត្បូងប៉ែកកណ្តាលរបស់វៀតណាម ដែលកំពុងតែសម្អាតល្បប់ភក់ និងកម្ទេចកម្ទីបាក់បែក បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបានបង្កជាទឹកជំនន់ដ៏មហន្តរាយ។ អាជ្ញាធរវៀតណាមព្រមានថា ព្យុះ Verbena អាចនាំមកនូវភ្លៀងធ្លាក់ខ្លាំងមួយជុំទៀត ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដោយបង្កើនការភ័យខ្លាចនៃបំណាក់ដីជាថ្មី និងទឹកជំនន់យ៉ាងគំហុក នៅក្នុងតំបន់ដែលរងគ្រោះដោយទឹកជំនន់រួចទៅហើយ កាលពីសប្តាហ៍មុន។
គិតត្រឹមចថ្ងៃទី២៥ ខែវិច្ឆិកា អាជ្ញាធរវៀតណាមនិយាយថា មនុស្សយ៉ាងហោចណាស់ ១០៨នាក់ ត្រូវរាយការណ៍ថាបានស្លាប់ឬបាត់ខ្លួន ដោយក្នុងនោះមាន ៩៨នាក់ស្លាប់ និង ១០នាក់បាត់ខ្លួន – ជាមួយនឹងខេត្ត Dak Lak និង Khanh Hoa មានអ្នកស្លាប់និងរបួសច្រើនជាងគេ៕






