កម្ពុជា ឈ្នះមេដាយ ២គ្រឿង នៃការប្រកួតកីឡាសិស្សអាស៊ាន នៅប្រ៊ុយណេ
កម្ពុជាបានទទួលមេដាយ ២គ្រឿង រួមមានមេដាយប្រាក់ ១ និងសំរឹទ្ធ ១ ដោយក្រុមកីឡាបញ្ចស៊ីឡាត់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសិស្សអាស៊ីអាគ្នេយ៍ លើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសប្រ៊ុយណេ ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី២០ ហើយគ្រោងបញ្ចប់នាថ្ងៃទី២៩ ខែវិច្ឆិកាចុងសប្ដាហ៍នេះ។
អត្តពលិកដែលរកបានមេដាយជូនជាតិ កាលពីល្ងាចពុធកន្លងទៅ រួមមានកីឡាករ រ៉ៃយ៉ុង នួនមុន្នីរាជ ទទួលបានមេដាយប្រាក់ ១គ្រឿង លើវិញ្ញាសាបុរសទម្ងន់ក្រោម ៥១គីឡូក្រាម ក្រោយចាញ់ម្ចាស់ក្បាច់គុនឥណ្ឌូនេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ គ្រាដែលមេដាយសំរឹទ្ធ រកបានដោយកីឡាករ ភុក ដានីញ៉ែល បន្ទាប់ពីចាញ់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោមថ្វីដៃកីឡាករឥណ្ឌូនេស៊ីដូចគ្នា។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាសិស្សក្របខណ្ឌតំបន់អាស៊ាននេះ មានប្រតិភូកីឡាប្រមាណ ១,០៥៥នាក់ មកពី ១០ប្រទេសចូលរួម ខណៈកម្ពុជាក៏បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសិស្សចំនួន ២៨នាក់ ចូលរួមការប្រកួតនេះផងដែរ៕






