កម្ពុជា សម្រេចកាត់បន្ថយកីឡា ៨ប្រភេទ ដើម្បីធានាចូលរួមផង និងសុវត្ថិភាពខ្ពស់ផង ក្នុងស៊ីហ្គេម នៅថៃ
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ស្តីពីបច្ចុប្បន្នភាពនៃការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូខាងមុខ បន្ទាប់ពីកម្ពុជា សម្រេចកាត់បន្ថយកីឡា ៨ប្រភេទ ដើម្បីធានាការចូលរួមផង និងសុវត្ថិភាពខ្ពស់ដល់ប្រតិភូកីឡារបស់ខ្លួនផង។
យោងតាមសេចក្ដីជូនដំណឹងរួមនេះ បានបញ្ជាក់ថា ដោយសារការគិតគូរខ្ពស់ពីសុវត្ថិភាពកីឡាករ-កីឡាការិនី ជាអាទិភាពចម្បងបំផុត និងធានាបានការចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ថ្នាក់ដឹកនាំគណកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ពិសេសទទួលបានអនុសសាន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតពីប្រមុខរាជរដ្ឋាភិបាល បានសម្រេចជាចុងក្រោយ កាត់បន្ថយហានិភ័យជាអតិប្បរមា ដោយរៀបចំកាត់បន្ថយចំនួនប្រភេទកីឡា ដែលប្រកួតនៅខេត្តសុងខ្លា តំបន់ទឹកជំនន់ចេញ និងកីឡាមួយចំនួនទៀត។ បច្ចុប្បន្នប្រតិភូកីឡាកម្ពុជាសរុបមានចំនួនតែ ១៥០នាក់ ក្នុង ១៣ប្រភេទកីឡាតែប៉ុណ្ណោះ។
ប្រភពដដែលសង្កត់ធ្ងន់ថា នេះជាស្មារតីបុរេសកម្ម និងការសម្រេចចិត្តដ៏លំបាករបស់ថ្នាក់ដឹកនាំ ដើម្បីធានាឲ្យមានការចូលរួមផង និងធានាសុវត្ថិភាពខ្ពង់ដល់ប្រតិភូកីឡាកម្ពុជាផង ហើយសង្ឃឹមថា បងប្អូនជនរួមជាតិយោគយល់ អធ្យាស្រ័យខ្ពង់ចំពោះការសម្រេចចិត្តដ៏លំបាកនេះ។
ចំពោះប្រភេទកីឡា ត្រូវបានដកចេញ រួមមាន៖ បាល់ទាត់(បុរស និង នារី), យូដូ, ការ៉ាតេ, បញ្ចសីលា, ប៉េតង់, ចំបាប់, វូស៊ូ និង សីដក់ ហើយកីឡា ដែលកម្ពុជារក្សាបញ្ជូនទៅចូលរួម គឺមាន ១៣ប្រភេទកីឡា រួមមានកីឡាហែលទឹក, អត្តពលកម្ម, គុនដាវ, បាល់ទះ, កាយសម្ព័ន, ជឺជីតស៊ូ, កីឡាអេឡិចត្រូនិក, ឃីកបុកស៊ី, តេក្វាន់ដូ WT, ជិះសេះ, ម៉ូតូទឹក, ទ្រីយ៉ាត្លុង និងទាត់បាល់លើតុ៕






