អភិបាលខណ្ឌ៧មករា ចុះពិនិត្យ ដំណើរការជួសជុលកែលម្អ អគារផ្សារអូរឫស្សី នឹងសណ្តាប់ធ្នាប់នៅក្នុងផ្សារ

ភ្នំពេញ៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធនៃរដ្ឋបាលខណ្ឌ និងគណៈកម្មការផ្សារអូរឫស្សី ចុះត្រួតពិនិត្យការដ្ឋានជួសជុលកែលម្អអគារផ្សារអូរឫស្សីដំណាក់ទី៣ បានជំរុញពន្លឿនការជួសជុលឲ្យបានលឿន។
ជាក់ស្ដែងនៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា រួមជាមួយ លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឬស្សី ចុះត្រួតពិនិត្យវឌ្ឍនភាពនៃកែលម្អ អគារផ្សារអូរឫស្សី ដំណាក់កាលទី៣ ដើម្បីផ្ដល់ទីតាំងជូនអាជីវករ បានលក់ដូរនៅតាមតូបរៀងៗខ្លួនវិញ អោយបានឆាប់រហ័សបង្កភាពងាយស្រួលទាំងអ្នកលក់ដូរ និងពលរដ្ឋ។
លោក ថេង សុថុល អភិបាលខណ្ឌបានបញ្ជាក់ថា កិច្ចការងារសន្តិសុខសណ្តាប់ធ្នាប់នេះ មិនសំដៅតែការរៀបចំនៅបរិវេណខាងក្រៅជុំវិញផ្សារនោះឡើយ ពោលផ្នែកខាងក្នុងក៏ជាអាទិភាពសំខាន់ដែរ ពេលផ្នែកខាងក្នុងមានរបៀបរៀបរយ និងធំទូលាយ វាក៏បង្កភាពងាយស្រួលទាំងអ្នកលក់ដូរ និងពលរដ្ឋ ដែលចូលទៅទិញឥវ៉ាន់ ឬសម្ភារៈប្រើប្រាស់ជាដើម ។
លោក អភិបាលខណ្ឌបានបន្តចុះសំណេះសំណាល សួរសុខទុក្ខជាមួយបងប្អូនអាជីវកលក់ដូរនៅផ្សារអូរឫស្សី និងសូមការអធ្យាស្រ័យយោគយល់ នូវការលំបាកមួយរយៈពេល ដើម្បីជួសជុលអគារផ្សារ។
ក្នុងឱកាសនេះដែរ លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការផ្សារបានបញ្ជាក់ផងដែរថា បញ្ហាសណ្ដាប់ធ្នាប់ អនាម័យ ទាំងក្រៅទាំងក្នុងបរិវេណផ្សារ លោកបន្តបង្កើនយកចិត្តទុកដាក់ដើម្បីរក្សាបានរបៀបរៀបរយ កាត់បន្ថយការកក់ស្ទះចរាចរណ៍ជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរ ក៏ដូចជាអ្នកចេញចូលផ្សារ។
សូមបញ្ជាក់ថា ផ្សារអូរឬស្សី គឺជាផ្សាររដ្ឋធំមួយ ក្នុងចំណោមផ្សាររដ្ឋទាំង២៥ ក្នុងរាជធានីភ្នំពេញ ដែលមានភ្ញៀវចេញចូលទៅទិញទំនិញ និងឥវ៉ាន់ច្រើនជាប្រចាំថ្ងៃ ទើបគណៈកម្មការគ្រប់គ្រងផ្សារ ចាំបាច់ត្រូវតែគិតគូរខ្ពស់លើការថែរក្សាបរិស្ថានអនាម័យ សន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជនភ្ញៀវ ៕

You might also like