សោកនាដកម្មអគ្គិភ័យនៅហុងកុង ស្លាប់កើនដល់ ៦៥នាក់, រដ្ឋាភិបាលបញ្ចេញថវិកា ៣៨លានដុល្លារ ជួយជនរងគ្រោះ
(ហុងកុង)៖ ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍អគ្គិភ័យដ៏ធំនៅទីក្រុងហុងកុង បានកើនឡើងដល់ ៦៥នាក់ហើយ ខណៈដែលមេដឹកនាំហុងកុង លោក ចន លី (John Lee) បានប្រកាសបង្កើតមូលនិធិសង្គ្រោះបន្ទាន់ចំនួន ៣០០លានដុល្លារហុងកុង (ប្រហែល ៣៨.៦លានដុល្លារអាមេរិក) ដើម្បីជួយដល់ជនរងគ្រោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមហ៊ុនចិនធំៗជាច្រើន ដូចជា Xiaomi, Xpeng, Geely និងមូលនិធិសប្បុរសធម៌របស់លោក Jack Ma ក៏បានប្រកាសបរិច្ចាគដើម្បីគាំទ្រជនរងគ្រោះផងដែរ។
អ្នកវិភាគមើលឃើញថា អគ្គិភ័យនេះគឺជាការសាកល្បងដ៏ធំមួយសម្រាប់រដ្ឋាភិបាល និងទីក្រុងប៉េកាំង ចាប់តាំងពីការបង្ក្រាបការតវ៉ាឆ្នាំ២០១៩។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងសោកនាដកម្មនេះ ប៉ូលិសហុងកុងបានចាប់ខ្លួនមនុស្ស ៣នាក់ដែលជាបុគ្គលិករបស់ក្រុមហ៊ុនសំណង់សាងសង់អគារខាងលើ ក្នុងនោះរួមមាននាយក ២នាក់ និងអ្នកប្រឹក្សាវិស្វកម្មម្នាក់ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើងដើម្បីស្វែងរកមូលហេតុបណ្ដាលឱ្យអគ្គិភ័យឆាបឆេះ៕






