ចិន ប្រកាសរកឃើញ «ថ្នាំអាយុវែង» អាចជួយឱ្យមនុស្សរស់បានដល់ ១៥០ឆ្នាំ តាមរយៈការកម្ចាត់កោសិកាចាស់ៗ

(ប៉េកាំង)៖ ក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រថ្មីមួយរបស់ចិន បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងពិភពវិទ្យាសាស្ត្រ ដោយអះអាងថា ខ្លួនបានបង្កើតថ្នាំគ្រាប់ម្យ៉ាងដែលចម្រាញ់ចេញពី «គ្រាប់ទំពាំងបាយជូរ» ដែលអាចជួយពន្យារអាយុជីវិតមនុស្សឱ្យរស់បានរហូតដល់ទៅ ១៥០ឆ្នាំ តាមរយៈការកម្ចាត់កោសិកាដែលងាប់ ប៉ុន្តែមិនព្រមចេញពីរាងកាយ ឬហៅថា «កោសិកាហ្សូមប៊ី» (Zombie Cells)។
ក្រុមហ៊ុន Lonvi Biosciences ដែលមានមូលដ្ឋាននៅទីក្រុងសិនជិន បានបង្ហាញពីលទ្ធផលនៃការអភិវឌ្ឍសារធាតុម្យ៉ាងហៅថា Procyanidin C1 (PCC1)។ សារធាតុនេះត្រូវបានចម្រាញ់ចេញពីគ្រាប់ទំពាំងបាយជូរ ដែលមានសមត្ថភាពពិសេសក្នុងការកំណត់មុខសញ្ញា និងកម្ចាត់ «កោសិកាហ្សូមប៊ី» (Senescent cells)។ កោសិកាទាំងនេះគឺជាកោសិកាដែលឈប់បំបែកខ្លួន ប៉ុន្តែវានៅតែបន្តរស់នៅក្នុងរាងកាយ ដែលបង្កឱ្យមានការរលាករ៉ាំរ៉ៃ និងជាមូលហេតុចម្បងនៃជំងឺផ្សេងៗដែលកើតឡើងតាមវ័យ។
នៅក្នុងការពិសោធន៍លើសត្វកណ្តុរ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ៖
* សារធាតុ PCC1 បានជួយបង្កើនអាយុកាលសរុបរបស់សត្វកណ្តុរជិត ១០%។
* ចំពោះការប្រើប្រាស់លើសត្វកណ្តុរដែលមានវ័យចំណាស់ខ្លាំង លទ្ធផលបង្ហាញពីការកើនឡើងនៃអត្រារស់រានរហូតដល់ទៅ ៦៤%។ ថ្នាក់ដឹកនាំក្រុមហ៊ុនបានចាត់ទុកការរកឃើញនេះថាជា «Holy Grail» ឬជាវត្ថុស័ក្តិសិទ្ធិនៃវិទ្យាសាស្ត្រពន្យារអាយុជីវិត ដែលអាចផ្លាស់ប្តូរនាឡិកាជីវសាស្ត្ររបស់មនុស្សជាតិទាំងស្រុង។
ទោះបីជាមានការអះអាងដ៏អស្ចារ្យអំពីការរស់បានដល់ ១៥០ឆ្នាំក៏ដោយ ប៉ុន្តែសហគមន៍វិទ្យាសាស្ត្រពិភពលោកនៅតែមានការសង្ស័យជាច្រើន៖
* មិនទាន់មានការសាកល្បងលើមនុស្ស៖ រហូតមកដល់ពេលនេះ លទ្ធផលវិជ្ជមានមានតែលើសត្វកណ្តុរប៉ុណ្ណោះ ហើយវានៅមិនទាន់ត្រូវបានបញ្ជាក់តាមរយៈការសាកល្បងគ្លីនិកលើមនុស្សនៅឡើយទេ។
* ភាពស្មុគស្មាញនៃជីវសាស្ត្រ៖ អ្នកជំនាញបញ្ជាក់ថា ប្រព័ន្ធជីវសាស្ត្ររបស់មនុស្សមានភាពស្មុគស្មាញជាងសត្វកណ្តុរឆ្ងាយណាស់ ដូច្នេះការសន្និដ្ឋានថាថ្នាំនេះនឹងមានប្រសិទ្ធភាពដូចគ្នាលើមនុស្សគឺជារឿងប្រញាប់ពេក។
បច្ចុប្បន្ន ប្រទេសចិនកំពុងជំរុញវិស័យស្រាវជ្រាវពន្យារអាយុជីវិត (Longevity sector) ឱ្យក្លាយជាអាទិភាពជាតិដើរទន្ទឹមនឹងបច្ចេកវិទ្យា AI។ ទោះជាយ៉ាងណា ការរស់នៅរហូតដល់ ១៥០ឆ្នាំ នៅតែត្រូវបានគេចាត់ទុកថាជា «ក្តីស្រមៃនាពេលអនាគត» ដែលស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ៕

You might also like