ឧត្តមសេនីយ៍ទោ សោម ស៊ុន ៖ បច្ចុប្បន្នការដាក់ឧបករណ៍បទល្មើសនេសាទខុសច្បាប់ នៅបឹងទន្លេសាប ក្នុងឃុំផាត់សណ្ដាយ មានការថយចុះគួរឱ្យកត់សម្គាល់

កំពង់ធំ៖ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ អមដំណើរដោយឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត និងជាក្រុមការងារទីបញ្ជាការស្រាលបង្ក្រាបទល្មើសនេសាទ ក្នុងឃុំផាត់សណ្ដាយ បានដឹកនាំសហការី រួមជាមួយកងកម្លាំងចម្រុះ និងស្ថាប័នជំនាញមានសមត្ថកិច្ច ពាក់ព័ន្ធ បានទៅពិនិត្យស្ថានភាពការដាក់ឧបករណ៍នេសាទទូទៅ នៅក្នុងលំហទន្លេ នៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា បច្ចុប្បន្ននេះ ការដាក់ឧបករណ៍បទល្មើសនេសាទខុសច្បាប់ នៅបឹងទន្លេសាប ក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានការថយចុះគួរឲ្យកត់សម្គាល់។ បងប្អូនប្រជានេសាទភាគច្រើន បានគោរពនិងអនុវត្តតាមច្បាប់ស្ដីពីជលផលថ្មី។ តែក៏នៅមានប្រជាពលរដ្ឋមួយចំនួនតូចដែលនៅតែបំពាន ក្នុងការលបលួចប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងប្រជាពលរដ្ឋមួយចំនួនទៀត នៅតែមានល្បិចកលដោយប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់ ដាក់បន្លំជាមួយឧបករណ៍នេសាទល្មើសច្បាប់ ដែលច្បាប់បានហាមឃាត់ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច តែត្រូវបានកងកម្លាំងចម្រុះរកឃើញនិងបំផ្លាញចោល។ ជាក់ស្ដែងនៅរសៀលថ្ងៃនេះ កងកម្លាំងចម្រុះបានបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ បានមួយករណី នៅតំបន់កោះតាបរ ដែលដាក់បន្លំជាមួយឧបករណ៍នេសាទស្របច្បាប់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន និងកងកម្លាំងចម្រុះ បានប្ដេជ្ញាចិត្តដាច់ខាត បន្តគោរពអនុវត្តឲ្យបានមុឺងម៉ាត់ តាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងការណែនាំនិងដឹកនាំដោយផ្ទាល់ពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ៕

You might also like