នាយករដ្ឋមន្ត្រីអង់គ្លេសលោក Starmer លើកទឹកចិត្តក្រុមហ៊ុនឱ្យចាប់យកឱកាសនៅក្នុងប្រទេសចិន

លោក Keir Starmer បានចាប់ផ្តើមដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសចិនឋានៈជានាយករដ្ឋមន្ត្រីអង់គ្លេសចាប់តាំងពីឆ្នាំ ២០១៨ កាលពីថ្ងៃពុធ ២៨ មករាសប្ដាហ៍នេះ ដោយលើកទឹកចិត្តដល់ធុរជនឱ្យចាប់យកឱកាសក្នុងដំណើរទស្សនកិច្ចមួយដែលមានគោលបំណងពង្រឹងទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ខណៈទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកកាន់តែមានភាពប្រែប្រួល។
លោក Starmer ដែលវត្តមានរបស់លោកក្នុងប្រទេសចិនត្រូវបានរិះគន់ដោយក្រុមអ្នកនយោបាយអង់គ្លេស និងសហរដ្ឋអាមេរិកមួយចំនួន បាននិយាយថា ខណៈកំពុងទាក់ទាញប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក ចក្រភពអង់គ្លេសក៏ត្រូវតែប្រុងប្រយ័ត្នចំពោះការគំរាមកំហែងសន្តិសុខដែលអាចកើតមានផងដែរ។
លោកបានប្រាប់គណៈប្រតិភូធុរកិច្ចថា ដំណើរទស្សនកិច្ចនេះផ្តោតលើរបៀបដែលការកែលម្អទំនាក់ទំនងជាមួយប្រទេសចិន អាចផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋចក្រភពអង់គ្លេស។
លោកបាននិយាយថា ចក្រភពអង់គ្លេសកំពុងប្រើប្រាស់ “វិធីសាស្រ្តចាស់ទុំ ស្របគ្នា ទូលំទូលាយ និងជាយុទ្ធសាស្ត្រ” ចំពោះទំនាក់ទំនង មុនពេលលោកជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping និងនាយករដ្ឋមន្ត្រី Li Qiang នៅថ្ងៃព្រហស្បតិ៍ ២៩ មករានេះ។
ដំណើរទស្សនកិច្ចនេះអាចក្លាយការផ្លាស់ប្តូរទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងប្រទេសចិន បន្ទាប់ពីមានភាពចម្រូងចម្រាសយ៉ាងខ្លាំងអស់រយៈពេលជាច្រើនឆ្នាំ ជុំវិញការបង្ក្រាបរបស់ទីក្រុងប៉េកាំងលើសេរីភាពនយោបាយនៅហុងកុង ការគាំទ្ររបស់ប្រទេសចិនចំពោះរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន និងការចោទប្រកាន់ដោយសេវាសន្តិសុខអង់គ្លេសថា ប្រទេសចិនតែងតែធ្វើចារកម្មលើអ្នកនយោបាយ និងមន្ត្រី។
សម្រាប់ប្រទេសចិន ដំណើរទស្សនកិច្ចនេះផ្តល់ឱកាសឱ្យប្រទេសនេះបង្ហាញខ្លួនឯងថាជាដៃគូដែលមានស្ថិរភាព និងអាចទុកចិត្តបាន នៅពេលមានភាពចលាចលជាសកល៕

You might also like