លោក អ៊ុច ហ៊ីង អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការងារគ្រប់គ្រង និងការប្រើប្រាស់អាងទឹកដូនទ្រី ក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង
នៅថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក អ៊ុច ហ៊ីង អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារសម្របសម្រួលការងារ គ្រប់គ្រងទំនប់អាងទឹក និងប្រព័ន្ធធារាសាស្ត្រក្រសួង ដោយមានការចូលរួមពីតំណាងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង ដើម្បីចុះពិនិត្យមើលការគ្រប់គ្រង និងការប្រើប្រាស់អាងទឹកដូនទ្រី ដែលមានទីតាំងស្ថិតនៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង។
សូមជម្រាបថា អាងទឹកដូនទ្រី ស្ថិតនៅផ្នែកខាងលើនៃអាងស្ទឹងជូនទ្រី(ស្ទឹងមោងឫស្សី) មានសក្តានុពលស្តុកទឹកបានប្រមាណ ១៦៣,៦ លានម៉ែត្រគូប សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ប្រចាំថ្ងៃក្នុងតំបន់ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន ៣៣០០០ ហិកតា និងស្រូវប្រាំងចំនួន ៤៥០០ ហិកតា ក្នុងឃុំចំនួន១១ នៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់។ លើសពីនេះទៅទៀត អាងទឹកនេះនឹងជួយកាត់បន្ថយទឹកជំនន់នៅតំបន់ផ្នែកខាងក្រោមនារ វស្សាផងដែរ។
ក្នុងឱកាសនោះ លោកអគ្គនាយករង បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ឱ្យបន្តការយកចិត្តទុកដាក់ខ្ពស់លើការពារការរំលោភយកដីអាងទឹកពីសំណាក់ជនខិលខូច ព្រមទាំងពង្រឹងការគ្រប់គ្រង និងប្រើប្រាស់អាងទឹកឱ្យមានប្រសិទ្ធភាពខ្ពស់ និងយូរអង្វែង៕



