Natthapong ទទួលស្គាល់លទ្ធផល ប៉ុន្តែប្រកាសមិនចុះចូលជាមួយ គណបក្សរបស់ Anutin ដាច់ខាត

ការបោះឆ្នោតនៅប្រទេសថៃបានបញ្ចប់ហើយ ខណៈលទ្ធផលបឋមបង្ហាញថា គណបក្សភូមិចៃថៃរបស់ Anutin Charnvirakul ជាប់លេខមួយ។ ទន្ទឹមនោះដែរ លោក Natthapong Ruangpanyawut នៃគណបក្សប្រជាជនក៏មិនតវ៉ាអ្វីដែរ ដោយប្រកាសទទួលស្គាល់លទ្ធផលនេះ ប៉ុន្តែប្រកាសថា គណបក្សប្រជាជនរបស់លោកនឹងមិនចងសម្ព័ន្ធជាមួយភូមិចៃថៃឡើយ ហើយនឹងនៅតែធ្វើជាគណបក្សប្រឆាំងដដែល។
ថ្លែងនៅទីស្នាក់ការបក្សនាវេលាម៉ោង៩:៤០នាទីយប់ថ្ងៃអាទិត្យទី៨ខែកុម្ភៈឆ្នាំ២០២៦ លោក Natthapong បានលើកឡើងថា ដ្បិតលទ្ធផលមិនទាន់ផ្លូវការ ប៉ុន្តែគណបក្សប្រជាជនទទួលស្គាល់ថា ខ្លួនមិនមែនជាបក្សដឹកនាំដែលមានសំឡេងភាគច្រើនទេ ប៉ុន្តែនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍ដែលបានដាក់ចេញក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត គឺការគោរពតាមដំណើរការប្រជាធិបតេយ្យ ដោយទុកឲ្យគណបក្សដែលទទួលបានសំឡេងឆ្នោតភាគច្រើន ជាអ្នកដឹកនាំបង្កើតរដ្ឋាភិបាលចុះ។
លោកបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា ប្រសិនបើគណបក្សភូមិចៃថៃបង្កើតរដ្ឋាភិបាល គណបក្សប្រជាជនត្រៀមខ្លួនធ្វើជាបក្សប្រឆាំង និងមិនបោះឆ្នោតគាំទ្របេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សភូមិចៃថៃដាច់ខាត ហើយក៏នឹងមិនមានការព្យាយាមបង្កើតរដ្ឋាភិបាលប្រជែងជាមួយបក្សដែលនាំមុខនោះដែរ ព្រោះការបោះឆ្នោតនេះឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជន។
ដោយឡែក ពាក់ព័ន្ធនឹងរដ្ឋធម្មនុញ្ញថ្មី, លោក Natthapong ជឿជាក់ថា ទោះគណបក្សរបស់លោកមិនបានចូលរួមក្នុងរដ្ឋាភិបាលដើម្បីរុញច្រានរដ្ឋធម្មនុញ្ញថ្មីក៏ដោយ ក៏នៅតែមានការគាំទ្រពីព្រឹទ្ធសភា ដែលជាផ្នែកមួយនៃដំណើរការនេះដែរ។
សូមជម្រាបថា លទ្ធផលក្រៅផ្លូវការ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃចន្ទ គណបក្សភូមិចៃថៃ ជាប់លេខ១ដោយទទួលបានអាសនៈចំនួន២០០, គណបក្សប្រជាជនជាប់លេខ២ មាន៩៦ អាសនៈ, ភឿថៃ លេខ៣មាន៨៣អាសនៈ និងក្លាថាម លេខ៤មាន៦៤ អាសនៈ៕

You might also like