ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ផ្ដាំជនភៀសសឹកកម្ពុជាថា «ប្រជាជនកម្ពុជា មិននៅតែម្នាក់ឯងនោះទេ គឺសហភាពអឺរ៉ុប នឹងនៅទីនេះជាមួយបងប្អូនពីនេះតទៅ»
(បន្ទាយមានជ័យ)៖ ឯកឧត្តម អ៊ុហ្គូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ប្រាប់ជនភៀសសឹកនៅវត្តកណ្ដោល ខេត្តបន្ទាយមានជ័យថា «ប្រជាជនកម្ពុជា មិននៅតែម្នាក់ឯងនោះទេ គឺសហភាពអឺរ៉ុប នឹងនៅទីនេះជាមួយបងប្អូនពីនេះតទៅ»។
ការថ្លែងរបស់ឯកឧត្តម បានធ្វើឡើងនាឱកាសដែលឯកឧត្តម ដឹកនាំប្រតិភូ នាំយកអំណោយចែកជូនជនភៀសសឹកមកពីតំបន់បឹងត្រកួន ក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្នុងពិធីនេះ ក៏មានវត្តមានអញ្ជើញចូលរួមឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង លោកវេជ្ជបណ្ឌិត Anirban Chatterjee នាយករងយូ នីសេហ្វប្រចាំកម្ពុជា និងសហការីជាច្រើនរូបផ្សេងទៀត។
ថ្លែងប្រាប់របស់ឯកឧត្តម ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានមានប្រសាសន៍ថា ទោះបីជាសហភាពអឺរ៉ុប មិនបានចូលរួមចំណែកក្ដី ក៏នៅតែបន្តជួយតាមលទ្ធភាព ដើម្បីសម្រាលភាពឈឺចាប់របស់ជនភៀសសឹកនៅទីនេះ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់បន្តថា «សារសំខាន់ក្រៅអំពីជំនួយដែលយើងនាំមកនៅថ្ងៃនេះ ខ្ញុំចង់បង្ហាញទៅកាន់បងប្អូនជនរងគ្រោះ និងប្រជាជនកម្ពុជាថា ពួកគាត់មិននៅតែឯងនោះទេ សហភាពអឺរ៉ុប នឹងនៅទីនេះជួយសម្របសម្រួលពួកគាត់ ចាប់ពីពេលនេះរហូតដល់ពេលខាងមុខ»។
សូមជម្រាបថា ក្នុងខេត្តបន្ទាយមានជ័យបច្ចុប្បន្ននេះ មានជនភៀសសឹកដែលពុំទាន់អាចចូលលំនៅដ្ឋានវិញបានជាង ២,៧០០គ្រួសារ។ ការណ៍នេះ កើតឡើងដោយសារយោធាថៃបានរាយបន្លាលួស និងដាក់ទូកុងតឺន័របាំងឃាត់ផ្លូវចូលលំនៅដ្ឋានរបស់ប្រជាពលរដ្ឋមកពី៦ភូមិ ដូចជាព្រៃចាន់ ជោគជ័យ ផ្លូវបំបែក សាមគ្គីមានជ័យ បន្ទាយមានឫទ្ធិ និងត្រពាំងសំរោង។ សកម្មភាពរបស់យោធាថៃ កើតឡើងបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ចូលជាធរមាន ដោយយោងតាមការលើកឡើងរបស់ប្រជាជនរងគ្រោះផ្ទាល់ និងអាជ្ញាធរមូលដ្ឋាន។
អ្វីដែលឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានឃើញនៅថ្ងៃនេះ មិនមែនគ្រាន់តែជាការមកទស្សនាធម្មតាប៉ុណ្ណោះទេ តែឯកឧត្តម បានមើលឃើញពីភាពលំបាកនៃប្រជាជនរងគ្រោះរបស់កម្ពុជា និងបានដឹងយ៉ាងច្បាស់ថា ការណ៍ដែលប្រជាពលរដ្ឋកម្ពុជា ពុំអាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានពុំមែនដោយសារសំឡេងគ្រាប់នោះឡើយ តែដោយសារទង្វើរំលោភដែនអធិបតេយ្យភាពកម្ពុជាយ៉ាងកំរោលក្រោយបទឈប់បាញ់៕
សូមស្ដាប់ប្រសាសន៍របស់លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប៖



