មេដឹកនាំកម្ពុជា វៀតណាម និងឡាវ ឯកភាពគ្នាប្រយុទ្ធប្រឆាំង ទប់ស្កាត់បទល្មើសឆបោកតាមអនឡាញ
ថ្នាក់ដឹកនាំគណបក្សកាន់អំណាច កម្ពុជា វៀតណាម និងឡាវ បានឯកភាពគ្នាថា បញ្ហាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) មិនមែនជាបញ្ហារបស់ប្រទេសណាមួយដាច់ដោយឡែកទេហើយប្រទេសណាមួយក៏មិនអាចយកលេសបញ្ហានេះធ្វើជាដើមចមទៅឈ្លានពានបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសមួយទៀតដែរ។ នេះបើតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលត្រីភាគីរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា វៀតណាម និងឡាវ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។
ឯកឧត្តម ជា ធីរិទ្ធ បានថ្លែងថា នៅក្នុងកិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ក្រៅពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយហើយនោះ ថ្នាក់ដឹកនាំប្រទេសទាំងបី ក៏បានឯកភាពគ្នាក្នុងការផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក និងបង្ហាញការតាំងចិត្តរួមគ្នា ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam), គ្រឿងញៀន និងការជួញដូរមនុស្សផងដែរ។
ឯកឧត្តមបានបញ្ជាក់ថា ថ្នាក់ដឹកនាំប្រទេសទាំងបី ក៏បានឯកភាពរួមគ្នាយ៉ាងខ្លាំងប្រឆាំងនូវឧក្រិដ្ឋកម្មឆ្លងដែន និងបានចាត់ទុកថា ឧក្រិដ្ឋកម្មឆ្លងដែន គឺជាប្រព័ន្ធដែលទាំងអស់គ្នាត្រូវប្រើយន្ដការប្ដេជ្ញាចិត្តខ្ពស់ កម្ទេចចោលបណ្ដាញនេះដើម្បីកុំឲ្យមានការចោទប្រកាន់គ្នាដោយអយុត្តិធម៌។ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ គ្រឿងញៀន និងការជួញដូរមនុស្ស។
ឯកឧត្តមបានឱ្យដឹងទៀតថា ក្នុងជំនួបនេះថ្នាក់ដឹកនាំកំពូល នៃគណបក្សទាំងបីបានជូនព័ត៌មានគ្នាទៅវិញទៅមកអំពីសភាពការណ៍ជាតិ តំបន់ និងអន្ដរជាតិ ព្រមទាំងចែករំលែកអំពីបទពិសោធន៍ និងសភាពការណ៍លេចធ្លោនៃគណបក្ស និងប្រទេសនីមួយៗ ទំនាក់ទំនងទ្វេភាគី និងទំនាក់ទំនងត្រីភាគី និងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ព្រមទាំងដាក់ចេញគោលការណ៍ និងទិសដៅ សម្រាប់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ក្នុងពេលខាងមុខ។
ភាគីទាំងបី បានកោតសរសើរ និងវាយតម្លៃខ្ពស់អំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមក ហើយបានសម្តែងនូវការជឿទុកចិត្តគ្នាខ្ពស់ ក្នុងការប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីឲ្យប្រទេសទាំងបី សម្រេចគោលដៅក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៤៥ សម្រាប់វៀតណាម ឆ្នាំ២០៥០ សម្រាប់កម្ពុជា និងឆ្នាំ២០៥៥ សម្រាប់ប្រទេសឡាវ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កងកម្លាំងចម្រុះនៃរាជរដ្ឋាភិបាលកម្ពុជា កំពុងសហការជាមួយប្រទេស និងថៃគូរពាក់ព័ន្ធកំពុងធ្វើការងារយ៉ាងសកម្មលើការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈរហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញ និងចាប់បញ្ជូនជនបរទេសដែលពាក់ព័ន្ធនឹងបទល្មើសនេះរាប់ពាន់នាក់ទៅកាន់ប្រទេសដើមវិញ និងមួយចំនួនផ្ដន្ទាទោសទៅតាមច្បាប់ផងដែរ។
សកមុ្មភាពប្រយុទ្ធប្រឆាំងនឹងបញ្ហាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្រោយមការដឹកនាំដោយផ្ទាល់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕



