ផ្ទុះការតវ៉ាពីភាពមិនប្រក្រតីក្នុងការរាប់សន្លឹកឆ្នោត និងទាមទារឱ្យរាប់សន្លឹកឆ្នោតឡើងវិញ ក្នុងការបោះឆ្នោតសករបស់ថៃ

(បាងកក)៖ ក្រុមសិស្សនិស្សិត និងប្រជាជនរាប់រយនាក់បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ានៅឯមណ្ឌលបោះឆ្នោតមួយនៅក្នុងខេត្ត Pathum Thani កាលពីយប់ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ប្រឆាំងនឹងអ្វីដែល ពួកគេចោទថាជាភាពមិនប្រក្រតីនៅក្នុងដំណើរការរាប់សន្លឹកឆ្នោត និងទាមទារឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ បន្ទាប់ពីពួកគេត្រូវបានរារាំងមិនឱ្យតាមដានការរាប់សន្លឹកឆ្នោត ហើយកាមេរ៉ាសុវត្ថិភាព ត្រូវបានរាយការណ៍ថាត្រូវបានបិទ។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ Khaosod។
នៅម៉ោងប្រហែល ៩៖០០នាទីយប់ កាលពីថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ មានសិស្សនិស្សិត និងប្រជាជនជាង ៣០០នាក់ បានប្រមូលផ្ដុំគ្នានៅឯបរិវេណសាកលវិទ្យាល័យ Rajamangala University of Technology Thanyaburi ស្ថិតនៅក្នុងស្រុក Thanyaburi district។ បរិវេណសាកលវិទ្យាល័យនេះត្រូវបានប្រើប្រាស់ជាកន្លែងរាប់សន្លឹកឆ្នោតសម្រាប់សន្លឹកឆ្នោតបោះមុនពេលកំណត់ និងសន្លឹកឆ្នោតបោះនៅតាមស្ថានទូតថៃនៅក្រៅប្រទេស។
ក្រុមបាតុករបានប្រឈមមុខដាក់គ្នាជាមួយក្រុមមន្ត្រីរៀបចំការបោះឆ្នោត និងសម្ដែងការមិនពេញចិត្តចំពោះអ្វីដែលពួកគេចាត់ទុកថាគ្មានតម្លាភាព។ ប៉ូលិសក៏ត្រូវបានដាក់ពង្រាយដើម្បីរក្សាសណ្ដាប់ធ្នាប់ ផងដែរ។ តាមក្រុមបាតុករ មានមនុស្សមួយក្រុមជាអ្នកសង្កេតការណ៍មានគ្នា៦នាក់ បានព្យាយាមចូលក្នុងទីតាំងរាប់សន្លឹកឆ្នោត ប៉ុន្តែត្រូវបានរារាំងដោយមន្ត្រីជាស្ត្រីម្នាក់។ នៅពេលក្រុមអ្នកសង្កេតការណ៍ ទទូចចង់មើលដំណើរការរាប់សន្លឹកឆ្នោត ពួកគេបែរជាត្រូវបានប្រាប់ថាសន្លឹកឆ្នោតត្រូវបានរាប់រួចរាល់ ហើយហិបឆ្នោតត្រូវបានបិទដែលមិនអាចធ្វើការផ្ទៀងផ្ទាត់ឡើងវិញទេ។ ក្រុមបាតុករក៏បានសម្ដែងការ មិនពេញចិត្តផងដែរចំពោះការបិទកាមេរ៉ាសុវត្ថិភាព និងការយកក្រណាត់ខ្មៅទៅគ្របពីលើ។
ស្ត្រីម្នាក់ជាតំណាងក្រុមនិស្សិតបាននិយាយថាខ្លួនទទួលបានព័ត៌មានថាកាមេរ៉ាសុវត្ថិភាពត្រូវបានបិទចាប់ពីម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ៥៖០០នាទីល្ងាច ក្រោមហេតុផលសុវត្ថិភាពឯកជនភាព។ តែទោះជាបែបនេះក្ដី ស្ត្រីដដែលបានបន្ថែមថាកាមេរ៉ាសុវត្ថិភាពគួរណាស់តែត្រូវបើកដំណើរការឡើងវិញ នៅពេលការិយាល័យបោះឆ្នោតបិទទ្វារ និងការរាប់សន្លឹកឆ្នោតចាប់ផ្ដើម ដើម្បីបង្ហាញពីតម្លាភាព។ ជុំវិញបញ្ហានេះដែរ ខាងមន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតឆ្នោតថ្នាក់ខេត្តម្នាក់ បានបញ្ជាក់ថាបានទទួលពាក្យបណ្ដឹងដែលថាក្រុមនិស្សិតមិនត្រូវបានអនុញ្ញាតឱ្យសង្កេតការណ៍ការរាប់សន្លឹកឆ្នោត ហើយថាមន្ត្រីថ្នាក់ខេត្តមិនមានសិទ្ធិអំណាចបញ្ជាឱ្យរាប់សន្លឹកឆ្នោតឡើងវិញនោះទេ៕

You might also like