កូនស្រីតូចកំពុងសម្រាកក្បែរឪពុក ស្រាប់តែត្រូវបុរសមិនស្គាល់មុខលួចបីយកទៅបាត់ នៅម្ដុំជ្រោយចង្វារ

មហាជននាំគ្នាផ្ទុះការចែករំលែក និង សម្ដែងក្ដីអាណិតអាសូរ បន្ទាប់ពីបុរសម្នាក់ បង្ហោះសារស្វែងរកក្មេងស្រីដែលបានបាត់ខ្លួន នៅចំណុចក្បែររង្វង់មូលតាព្រហ្ម ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ទាក់ទិនទៅនឹងករណីនេះ តាមរយៈគណនីបុរសម្នាក់ដែលមានឈ្មោះ Choun Chivoin បានបង្ហោះរូបភាព និង វីដេអូ នៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ឱ្យបានដឹងពីដំណឹងបាត់ក្មេងស្រីខាងលើ ដែលកំពុងសម្រាកជាមួយឪពុកសុខៗ ត្រូវបុរសមិនស្គាល់មុខម្នាក់បានបីក្មេងស្រីចេញទៅ។
ប្រភពពីបុរសបានរៀបរាប់ឱ្យដឹងថា នៅវេលាម៉ោងប្រហែល ៥ ទៀបភ្លឺ ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៦ មានករណីបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានលួចក្មេងស្រីពីឪពុក ដែលកំពុងសម្រាក។
ករណីនេះ កើតឡើងនៅចំណុចក្បែររង្វង់មូលតាព្រហ្ម ស្ថិតក្នុងខណ្ឌជ្រោយចង្វារ ដែលផ្ដើមដោយ ឪពុក និង ក្មេងស្រីខាងលើ បានសុំម្ចាស់ទីតាំង គេងជាបណ្តោះអាសន្ន គោលបំណងឆ្ពោះទៅកាន់ខេត្តកំពង់ចាម។ តែជាអកុសល ស្រាប់តែមានជនសង្ស័យមិនស្គាល់មុខ បានបីយកក្មេងស្រីចេញទៅស្ងាត់ៗ ស្របពេលដែលសកម្មភាពនេះ ក៏បានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពស្ដែងៗផងដែរ។
យ៉ាងណាមិញ តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយកើតហេតុ ម្ចាស់ទីតាំងដែលឪពុកកូនទាំង ២ សម្រាក និង ឪពុករបស់ក្មេងស្រីដែលបានបាត់ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរួចរាល់ទៅហើយ រង់ចាំចំណាត់ការពីសមត្ថកិច្ច។
ចំពោះករណីនេះ ជាមេរៀនសម្រាប់បងប្អូនដែលមានកូនតូច ឱ្យបង្កើនការប្រុងប្រយ័ត្នបន្ថែម ចៀសវាងកើតហេតុជួបប្រទះនូវករណីនេះដែលនឹកស្មានពុំដល់៕

You might also like