វៀតណាម បង្ក្រាបក្រុមផលិតថ្នាំក្លែងក្លាយ រឹបអូសបានថ្នាំគ្រាប់ និង អាហារបំប៉នជាង ១ តោន ឯថ្នាំសម្រកទម្ងន់រកឃើញមានសារធាតុធ្វើឱ្យកើតស្ត្រូក

កាលពីពេលថ្មីៗកន្លងទៅ ពាក់ព័ន្ធនឹងការបង្ក្រាបក្រុមផលិតអាហារបំប៉ន និង ថ្នាំក្លែងក្លាយចំនួន ២ កន្លែងធំៗ ប៉ូលិសប្រចាំខេត្ត Thanh Hao ប្រទេសវៀតណាម បានរឹបអូសប្រអប់ថ្នាំ និង ផលិតផលអាហារចំនួន ៧ ១៧០ ប្រអប់ ក្នុងនោះរួមមានប្រអប់ផលិតផលសម្រេចចំនួន ២ ៩២០ ប្រអប់ និង ផលិតផលមិនទាន់សម្រេចចំនួន ៤ ២៥០ ប្រអប់។ ប៉ូលិសក៏បានរឹបអូសវត្ថុធាតុដើមមួយចំនួនដែលប្រើប្រាស់សម្រាប់ដំណើរផលិតផលិតផលក្លែងក្លាយទាំងនោះ ដោយមានដូចជា គ្រាប់ថ្នាំចំនួន ១.១ តោន ដបជាង ២ លានដប ក្រឡ គម្រប និង ប្រភេទសម្ភារវេចខ្ចប់មួយចំនួនទៀត។
លើពីនោះ រួមទាំងក្រដាសស្លាកយីហោចំនួន ៦ ម៉ឺនសន្លឹក ម្សៅជិត ២២.៥ តោន និង ម៉ាស៊ីនផលិតចំនួន ១៥ ប្រភេទ។
បើតាមព័ត៌មានទទួលបានពីប៉ូលិសប្រចាំខេត្ត Thanh Hao បានឱ្យដឹងថា ផលិតផលក្លែងក្លាយទាំងនោះគឺសុទ្ធតែជាថ្នាំ និង អាហារបំប៉នសំខាន់ៗដូចជា Glutathione ៦០០ គ្រាប់ Collagen Biotin, DHA Plus, GH Creation (សម្រាប់លូតកម្ពស់) និង ថ្នាំជួយសន្លាក់ និង ឆ្អឹង មួយចំនួនទៀត (Green Joint, Red Joint, Tao Cot Thien Ma..)។
ផលិតផលទាំងនេះដែរ ផលិតឡើងផ្ដោតលើអតិថិជននៅក្នុងក្រុមមនុស្សងាយរងគ្រោះដូចជា មនុស្សចាស់ ស្ត្រី និង កុមារ។ អ្វីដែលគួរឱ្យកត់សម្គាល់ខ្លាំងបំផុតនោះ ប៉ូលិសក៏បានរកឃើញថ្នាំសម្រកទម្ងន់ខ្លះក៏មានផ្ទុកសារធាតុ Sibutramine ដែលជាសារធាតុហាមឃាត់អាចបណ្ដាលឱ្យអ្នកប្រើប្រាស់ប្រឈមនឹងការកើតមានជំងឺស្ត្រូក និង ខ្សោយបេះដូង។
តាមរយៈការស៊ើបអង្កេតនេះ ប៉ូលិសខេត្ត Thanh Hao បានណែនាំឱ្យពលរដ្ឋខ្លួនទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលទិញថ្នាំ និង អាហារបំប៉ននានា ដោយធានាថាផលិតផលទាំងនោះមានប្រភពច្បាស់លាស់ និង ចាំបាច់បំផុតមិនគួរទិញថ្នាំ ឬអាហារបំប៉ន តាមវិបសាយ ឬបណ្ដាញសង្គមដោយគ្មានប្រភពច្បាស់លាស់នោះឡើយ៕

You might also like