ហាងម៉ាស្សាមួយកន្លែងក្នុងរាជធានីភ្នំពេញ បានធ្វើស៊ីភ្ញៀវបរទេស ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ១០០០ ដុល្លារ
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង ចែករំលែកបន្តគ្នាព្រោងព្រាត ទាក់ទិនទៅនឹងករណីសង្ស័យថា ហាងម៉ាស្សាមួយកន្លែងក្នុងរាជធានីភ្នំពេញ បានធ្វើស៊ីភ្ញៀវបរទេស ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ១០០០ ដុល្លារ។
ករណីនឹកស្មានមិនដល់នេះ កើតឡើងនៅចំណុចក្នុងហាងម៉ាស្សាមួយកន្លែង ស្ថិតនៅផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៦។
ចំពោះរឿងនេះ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យបានដឹងថា ក្រុមការងារទទួលបានព័ត៌មានហើយ បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គម មានករណីលួចក្លែងបន្លំយកលុយចំនួន ១០០០ ដុល្លារ ពីភ្ញៀវជាជនជាតិបរទេស ដោយដាក់ជំនួសលុយដុល្លារសែនជូនភ្ញៀវវិញ នៅក្នុងហាងម៉ាស្សាមួយកន្លែង ចំណុចផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្រោយជ្រាបរឿងនេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កំពុងតែធ្វើការស្រាវជ្រាវស៊ើបអង្កេត និង ក៏កំពុងស្រាវជ្រាវទំនាក់ទំនងជនរងគ្រោះជាជនបរទេស ដើម្បីមកដាក់ពាក្យបណ្តឹង ក្នុងការអនុវត្តតាមនីតិវិធី។
គូសបញ្ជាក់ផងដែរថា កន្លងមកកម្លាំងសមត្ថកិច្ចក៏ធ្លាប់បានចុះបង្ក្រាបករណីស្រដៀងនេះផងដែរ ដែលហាងម៉ាស្សាមួយចំនួនតូច ប្រើល្បិចធ្វើចន្លោះទ្វារសម្ងាត់នៅកន្លែងព្យូរខោអាវភ្ញៀវ និង លួចដកប្រាក់ពីភ្ញៀវ ដាក់បញ្ចូលមកវិញនូវលុយក្លែងក្លាយជំនួស។
ករណីនេះ មហាជនសង្ឃឹមថា សមត្ថកិច្ចនឹងឆាប់រកឃើញភ្ញៀវបរទេសរងគ្រោះខាងលើ មកដាក់ពាក្យបណ្ដឹង ដើម្បីឱ្យសមត្ថកិច្ចចាត់ការជនខិលខូចទៅតាមផ្លូវច្បាប់។
ទន្ទឹមនឹងនេះ ករណីនេះ គឺជាមេរៀនសម្រាប់អ្នកដែលចង់ទទួលសេវាកម្មម៉ាស្សាឱ្យបង្កើនការប្រុងប្រយ័ត្ន ជៀសវាងធ្វេសប្រហែសនាំឱ្យជនខិលខូចឆ្លៀតឱកាសប្រើល្បិចលួចយក នាំឱ្យបាត់បង់ទ្រព្យសម្បត្តិ និង វត្ថុមានតម្លៃផ្សេងៗ៕






