ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យស្ថានភាពច្រាំងទន្លេមេគង្គបាក់ស្រុត ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម

នាថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ រួមជាមួយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យស្ថានភាពច្រាំងទន្លេមេគង្គបាក់ស្រុត ស្ថិតក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
សូមជម្រាបថា ហេតុការណ៍ច្រាំងទន្លេមេគង្គស្រុតបាក់ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើ បានកើតឡើងកាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។ ច្រាំងទន្លេនេះ បានកសាងតាំងពីឆ្នាំ២០១២ ដោយរដ្ឋបាលខេត្តកំពង់ចាម។ ទំហំនៃការខូចខាត រួមមាន៖ ១)ផ្នែកខាងលើ បាក់ស្រុតការ៉ូឡាបណ្តោយប្រវែង ៧០ម៉ែត្រ ទទឹង ១,១ម៉ែត្រ និងកម្ពស់ចាប់ពី ០,៣ម៉ែត្រ-១,៦ម៉ែត្រ និង២)ផ្នែកខាងក្រោម បាក់ស្រុតបេតុងបណ្តោយប្រវែង ៧០ម៉ែត្រ ទទឹង ៣២ម៉ែត្រ ក្នុងនោះបញ្ហាប្រឈមប្រវែង ៣៥ម៉ែត្រ កម្ពស់ចាប់ពី ០,១ម៉ែត្រ-០,៣ម៉ែត្រ។
ក្នុងឱកាសចុះពិនិត្យជាក់ស្តែងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានដាក់ចេញនូវវិធានការជួយអន្តរាគមន៍ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេមេគង្គជាបន្តបន្ទាប់ទៀត ដោយប្រើប្រាស់បាវខ្សាច់(GeoTextile)៕

You might also like