កម្មវិធីអន្តរាគមន៍ សម្រាប់គ្រួសារភៀសសឹក ដែលវិលទៅលំនៅឋានវិញ នឹងអនុវត្តនៅពាក់កណ្ដាលខែកុម្ភៈ

រាជរដ្ឋាភិបាលកម្ពុជា នៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ ២០២៦នេះ នឹងអនុវត្តការអន្តរាគមន៍ ជួយដល់ពលរដ្ឋភៀសសឹកដែលបានវិលត្រលប់ទៅលំនៅឋានវិញ។ ការអន្តរាគមន៍ ពីរាជរដ្ឋាភិបាលនេះ រួមមានការស្ដារជីវភាព និងការជួសជុលលំនៅឋាន ព្រមទាំងការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលរងការខូចខាតក្នុងមូលដ្ឋាននីមួយៗ ដើម្បីឱ្យពួកគាត់អាចប្រកបរបរចិញ្ចឹមជីវិត ជាប្រក្រតីឡើងវិញ។
នៅថ្ងៃទី៩ និងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម ចន ណារិទ្ធ ជាប្រធានក្រុមការងារចំពោះកិច្ច បានបន្ដដឹកនាំក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្ដារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ជួបប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្តព្រះវិហារ និងឧត្តរមានជ័យ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យចុងក្រោយ ក្នុងគោលបំណងត្រៀមដាក់ឱ្យអនុវត្តកម្មវិធីអន្តរាគមន៍របស់រាជរដ្ឋាភិបាល សម្រាប់គ្រួសារភៀសសឹកដែលបានវិលត្រលប់ទៅលំនៅឋានវិញ នៅតាមបណ្ដាខេត្តដែលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពានរបស់ថៃនាពេលកន្លងមក ឱ្យបានទាន់ពេលស្របតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំពិភាក្សានេះ មានការចូលរួមពីតំណាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, មូលនិធិជាតិជំនួយសង្គម, និងរដ្ឋបាលក្រុង-ស្រុកពាក់ព័ន្ធក្នុងខេត្តទាំងពីរ។ កិច្ចប្រជុំក៏បានពិភាក្សាពាក់ព័ន្ធនឹងការគិតគូរអំពីអន្តរាគមន៍ចាំបាច់មួយចំនួនសម្រាប់ក្រុមគ្រួសារពលរដ្ឋ ដែលមិនទាន់អាចត្រលប់ទៅលំនៅឋានវិញ ផងដែរ។
ស្របពេលជាមួយគ្នានេះ, ក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្ដារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ក៏បានចាត់បញ្ជូនក្រុមការងារបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះជួបពិភាក្សាការងារជាមួយរដ្ឋបាលក្រុង-ស្រុក នៅតាមបណ្ដាខេត្តផ្សេងទៀតដែលរងផលប៉ះពាល់ ដើម្បីជំរុញការផ្ទៀងផ្ទាត់ទិន្នន័យសម្រាប់ជាមូលដ្ឋានរឹងមាំ ក្នុងការអនុវត្តកម្មវិធីអន្តរាគមន៍នេះ ឱ្យចំគោលដៅនិងមានប្រសិទ្ធភាពខ្ពស់។
អន្តរាគមន៍របស់រាជរដ្ឋាភិបាលសម្រាប់ពលរដ្ឋដែលបានវិលត្រលប់ទៅលំនៅឋានវិញ នឹងត្រូវដាក់ឱ្យអនុវត្តចាប់ពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៦នេះ រួមមានការស្ដារជីវភាព និងការជួសជុលលំនៅឋាន ព្រមទាំងការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលរងការខូចខាតក្នុងមូលដ្ឋាននីមួយៗ ដើម្បីឱ្យពួកគាត់អាចប្រកបរបរចិញ្ចឹមជីវិត ជាប្រក្រតីឡើងវិញ៕

You might also like