លោក Andreas Berg៖ សហភាពអឺរ៉ុប នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់ប្រជាជនដែលរងផលប៉ះពាល់ ដោយសារជម្លោះនៅតាមតំបន់ព្រំដែន

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក Andreas Berg ភារធារីនៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានចូលរួមជាមួយអង្គទូត និងទីភ្នាក់ងារបរទេសនានា ក្នុងដំណើរទស្សនកិច្ចនៅតំបន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ដែលរៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមសេចក្តីប្រកាសរបស់សភាពអឺរ៉ុប បានបញ្ជាក់ថា សហភាពអឺរ៉ុប នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារជម្លោះនៅតាមតំបន់ព្រំដែន។

ក្រៅពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីជំរុញការបន្ធូរបន្ថយភាពតានតឹង និងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ សហភាពអឺរ៉ុបនៅតែបន្តបេសកកម្ម ក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់សហគមន៍ដែលរងផលប៉ះពាល់។

គោលដៅចម្បងរបស់សហភាពអឺរ៉ុប គឺការធានាថា ទោះបីស្ថិតក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក៏ដោយ ក៏ក្រុមជនងាយរងគ្រោះបំផុត ជាពិសេសកុមារ នៅតែទទួលបានសិទ្ធិក្នុងការអប់រំប្រកបដោយគុណភាព និងរស់នៅក្នុងបរិស្ថានដែលមានសុវត្ថិភាព។

សូមរម្លឹកថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមានពលរដ្ឋភៀសសឹកចំនួន ៦៥ ១៧៤នាក់ ក្នុងនោះមានស្រី្ត ៣៤ ៣៨៨នាក់ និងកុមារ ២១ ៧៩៣នាក់ ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយទេ បន្ទាប់ពីកងកម្លាំងថៃកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) ក្នុងដែនអធិបតេយ្យកម្ពុជាដែលខ្លួនបានកាន់កាប់ដោយខុសច្បាប់ បន្ទាប់ពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

You might also like