ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញាលួចកាច់ក ម៉ូតូ យ៉ាងសកម្មក្នុងភូមិសាស្រ្តខរាជធានីភ្នំពេញ

ភ្នំពេញ ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញាលួចកាច់កម៉ូតូ យ៉ាងសកម្មក្នុងភូមិសាស្រ្តខរាជធានីភ្នំពេញ ។

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៩៖៣៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ចូលរួមដោយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យបានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ស្ថិតនៅត្រង់ចំណុចផ្លូវ៤៨៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទាំងពីរនាក់ ពាក់ព័ន្ធនឹងករណីលួច (កាច់កម៉ូតូ) ដែលបានប្រព្រឹត្តនៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២៥ វេលាម៉ោង១៤៖៣០នាទី នៅត្រង់ចំណុចផ្លូវថៃហ្គ័រ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើមានឈ្មោះ ធឿន វុទ្ធី ហៅម៉ៅ អាយុ៣៣ឆ្នាំ និងឈ្មោះ ឃឹម ចាន់ឌី ហៅឌី អាយុ២៦ឆ្នាំ។
សម្ភារៈដកហូតរួមមាន ម៉ូតូម៉ាក Yamaha Mslaz ពណ៌ខ្មៅពាក់ស្លាកលេខ, ម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៍ស (បានប្រគល់ជូនជនរងគ្រោះ), ដែកសំប៉ែតមុខស្រួច ចំនួន១ដើម និងសោរទីបលេខ៨ ចំនួន១ដើម និងស្លាកលេខចំនួន១សន្លឹក (កណ្ដាល 1W-2638)។
កម្លាំងជំនាញនាំជនសង្ស័យ យកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

You might also like