លោក Trump ៖ សង្គ្រាមនៅអ៊ីរ៉ង់អាចមានរយៈពេលមួយខែ ខណៈប្ដេជ្ញាសងសឹកការស្លាប់របស់យោធាអាមេរិក
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យ១ មីនា ថា សង្គ្រាមលើអ៊ីរ៉ង់អាចមានរយៈពេលមួយខែ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា ខ្លួនបានបំផ្លាញទីស្នាក់ការកណ្តាលរបស់កងកម្លាំងការពារបដិវត្តន៍ដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់ ហើយអ៊ីស្រាអែលបាននិយាយថា ប្រតិបត្តិការរួមគ្នានេះបានប៉ះពាល់យ៉ាងខ្លាំងដល់ទីបញ្ជាការ និងប្រព័ន្ធត្រួតពិនិត្យបច្ចេកទេសរបស់ទីក្រុងតេអេរ៉ង់។
ទីបញ្ជាការកណ្ដាលអាមេរិក បាននិយាយថា សមាជិកយោធាអាមេរិក៣នាក់បានស្លាប់ និង៥នាក់របួសធ្ងន់ ក្នុងប្រតិបត្តិការនេះ។
មួយថ្ងៃបន្ទាប់ពីការសម្លាប់មេដឹកនាំកំពូលលោក Ali Khamenei បានធ្វើឱ្យមជ្ឈិមបូព៌ា និងសេដ្ឋកិច្ចពិភពលោកកាន់តែមានភាពច្របូកច្របល់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបន្តយុទ្ធនាការយោធាមួយ ដែលបានបញ្ជូនរលកដ៏រន្ធត់ទូទាំងវិស័យនានា ចាប់ពីការដឹកជញ្ជូន រហូតដល់ការធ្វើដំណើរតាមផ្លូវអាកាស និងរហូតដល់វិស័យប្រេង។ មន្ត្រីអាមេរិកបាននិយាយថា សង្គ្រាមនេះត្រូវគេរំពឹងថានឹងមានរយៈពេលច្រើនថ្ងៃ។
នៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយជាមួយសារព័ត៌មាន Daily Mail លោក Trump បាននិយាយថា ការវាយប្រហារអាចបន្តរយៈពេល៤សប្តាហ៍ ឬច្រើនជាងនេះ។ លោកថា សកម្មភាពយោធានៅក្នុងតំបន់នេះ នឹងបន្តរហូតដល់ “គោលបំណងទាំងអស់” សម្រេចបាន។
លោក Trump បានប្រាប់កាសែតនេះថា លោកនៅតែបើកចំហចំពោះកិច្ចចរចាបន្ថែមទៀតជាមួយអ៊ីរ៉ង់ ប៉ុន្តែមិនបាននិយាយថា តើរឿងនោះនឹងកើតឡើងឆាប់ៗនេះ ឬយ៉ាងណានោះទេ៕






