អតីតពលករ និងពលរដ្ឋខ្មែរ ជាង៣ពាន់នាក់ បានចូលរួម ទទួលបានការងារ និងចុះឈ្មោះរៀនជំនាញបច្ចេកទេសក្នុងវេទិកាការងារ នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង
(ភ្នំពេញ)៖ អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋប្រមាណជាង ៣ពាន់នាក់ បានចូលរួមទទួលបានឱកាសការងារ និងចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានធ្វើឡើងនៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ ខែកុម្ភៈ និងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់នៅថ្ងៃទី២ ខែមីនាថា វេទិកាការងារនេះ មានអតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋសរុបចំនួន ៣ ៥៧៤នាក់ បានអញ្ជើញចូលរួមស្វែងរកការងារធ្វើ ក៏ដូចជាស្វែងយល់បន្ថែម អំពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម និងឱកាសចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃផងដែរ។
លោកបានបន្តថា ក្នុងឱកាសនោះ អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋបានចុះឈ្មោះចូលរៀនជំនាញសរុបចំនួន ៤១៣នាក់ ចំណែកអ្នកជាប់ការងារសរុប ៨១១នាក់ (តួលេខបឋម) ទទួលបានការងារពីក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗចំនួន ១៧ ដែលបានចុះទៅផ្សព្វផ្សាយឱកាសការងារ និងជ្រើសរើសកម្លាំងពលកម្មដល់មូលដ្ឋាន។
អ្នកនាំពាក្យរូបនេះ បានអំពាវនាវដល់បងប្អូនអតីតពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ និងពលរដ្ឋខ្មែរ ដែលមិនបានចូលរួមវេទិកាការងារលើកនេះ សូមទាក់ទងទៅកាន់លេខ ១២៩៧ ដែលមានមន្ត្រីក្រសួងការងារនៅរង់ចាំទទួលទូរសព្ទរបស់បងប្អូន ៧ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីទទួលបានឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ។
សូមរំឭកផងដែរថា គិតមកដល់ពេលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ សរុបចំនួន ៥៩៧លើក ដែលបានផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរ និងបងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃជាង ៦២ម៉ឺននាក់៕






