គិតចាប់ពីថ្ងៃទី២៥ ដល់ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ កម្ពុជាបានបណ្ដេញចេញជនបរទេសសរុបចំនួន ១,៥០១នាក់ចេញពីប្រទេស ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ លួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់

នៅលើបណ្ដាញសង្គមផ្លូវការ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២៥ ដល់ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃក្រសួងមហាផ្ទៃ បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ១,៥០១នាក់ (ស្រី ១៦២នាក់) មាន២០សញ្ជាតិ រួមមាន ចិន ហ្គាណា ស៊ីរី យ៉ូហ្គង់ដា ចិនតៃវ៉ាន់ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ឡាវ ឥណ្ឌា ប៉ាគីស្ថាន កេនយ៉ា ហ្វីលីពីន បង់ក្លាដេស សិង្ហបូរី វៀតណាម ជប៉ុន នីហ្សេរីយ៉ា កាមេរូន នេប៉ាល់ និងកូរ៉េ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងនោះដែលមានជនជាតិចិនចំនួន ៦៥៨នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងជនបរទេសមួយចំនួនទៀតពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្តថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រលប់ទៅប្រទេសរបស់ខ្លួនវិញ៕

You might also like