ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិអំពីការបន្តបេសកកម្មបង្ហាញជំហរសន្តិភាពនិយម និងផ្អែកលើច្បាប់អន្តរជាតិរបស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជា៖

មិនថាបេសកកម្មការទូតនៅក្រៅប្រទេស ឬក្នុងប្រទេសឡើយ ថ្នាក់ដឹកនាំកម្ពុជា តែងតែជម្រាបជូនដៃគូសន្ទនាបរទេសអំពីស្ថានការណ៍វិវត្តន៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាពិសេសសង្កត់ធ្ងន់លើជំហរច្បាស់លាស់របស់កម្ពុជាដែលស្រឡាញ់សន្តិភាព និងចង់បានដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយគោរពយ៉ាងម៉ឺងម៉ាត់គោលការណ៍ច្បាប់អន្តរជាតិ។

ជាក់ស្តែង ក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាចូលជួបសម្តែងការគួរសមកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនអ្នកសម្របសម្រួលអង្គការសហប្រជាជាតិអំពីការវិវត្តថ្មីៗនៃស្ថានការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងបានគូសបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ។

លោកជំទាវ ក៏បានជម្រាបជូនសម្ដេចធិបតីវិញថា អង្គការសហប្រជាជាតិចង់ឃើញប្រទេសទាំងពីរដោះស្រាយភាពខ្វែងគ្នាដោយសន្តិវិធី ដោយគោរពតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ លើសពីនេះ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់កម្ពុជា ក្នុងអំឡុងពេល២០ឆ្នាំ នៅក្នុងបេសកកម្មរក្សាសន្តិភាពក្នុងពិភពលោក តាមរយៈការបន្តបញ្ជូនកងទ័ពមួកខៀវទៅបំពេញបេសកកម្មថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ក្នុងថ្ងៃតែមួយ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យលោកជំទាវ TEO Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ដែលចប់អាណត្តិចូលជួបសម្ដែងការគួរសម និងជម្រាបលានៅវិមានសន្ដិភាព។ នាឱកាសនោះ សម្តេចធិបតីក៏បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូតអំពីបញ្ហាព្រំដែនកម្ពុជា-ថៃដែរ ដោយសម្តេចបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត ក៏ដូចជាជំហររបស់កម្ពុជានៅក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរម្លឹកជូនឡើងវិញថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទើបតែបានបញ្ចប់បេសកកម្មការទូតនៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប ដើម្បីឧត្តមប្រយោជន៍ជាតិនិងប្រជាជន។ ក្នុងដំណើរបេសកកម្មការទូតនោះ ក្រៅពីបានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (The Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក និងបានជួបសន្ទនាជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសជាច្រើន ក៏ដូចជាឥស្សរជនជាន់ខ្ពស់អាម៉េរិក សម្តេចបវរធិបតី ក៏បានបន្តបេសកកម្មទៅសហភាពអឺរ៉ុប និងបានជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងប្រធានគណៈកម្មការអឺរ៉ុប ព្រមទាំងមន្ត្រីអឺរ៉ុបជាច្រើនទៀត។

ក្រៅពីពង្រឹងនិងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ស្ថានការណ៍វិវត្តន៍នៅព្រំដែនកម្ពុជា-ថៃ ត្រូវបានលើកឡើងយ៉ាងទូលំទូលាយពោលគឺ ការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងទ័ពថៃនៅតំបន់មួយចំនួន និងការដាក់បន្លាលួស ទូរកុងតឺន័រ ដោយបានរារាំងពលរដ្ឋស៊ីវិលកម្ពុជាច្រើនម៉ឺននាក់មិនឱ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ត្រូវបានសហគមន៍អន្តរជាតិដឹងលឺ។ ជាពិសេសជំហរសន្តិភាពនិយមរបស់កម្ពុជា ដែលចង់បានដំណោះស្រាយដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិក៏ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើឆាកអន្តរជាតិ។

សូមកត់សម្គាល់ថា គ្រប់មេដឹកនាំនិងឥស្សរជននៃបណ្តាប្រទេស ក៏ដូចជាថ្នាក់ដឹកនាំនៃស្ថាប័នអន្តរជាតិទាំងអស់ សុទ្ធតែបានបង្ហាញការគាំទ្រជំហរសន្តិភាព និងចង់ឃើញដំណោះស្រាយដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់អន្តរជាតិជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ពោលគឺជំហររបស់សហគមន៍អន្តរជាតិស្របគ្នាទាំងស្រុងជាមួយជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ហើយសហគមន៍អន្តរជាតិក៏បានយល់ច្បាស់ពីជំហរសន្តិភាពនិយមរបស់កម្ពុជា។

ជាក់ស្តែង លោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិនៃបណ្តាប្រទេសនិយាយភាសាបារាំង (OIF) ក្នុងឱកាសជួបសម្តែងការគួរសមជាមួយសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ បានកោតសរសើរពីការស្វះស្វែងរកសន្តិភាពរបស់សម្តេចសម្រាប់ប្រទេសនិងប្រជាជនកម្ពុជា។ លោកជំទាវក៏បានតាមដានបញ្ហាព្រំដែនកម្ពុជា-ថៃ ហើយឆ្លៀតឱកាសនៃដំណើរទស្សនកិច្ចនេះ ដើម្បីជួបសួរសុខទុក្ខជនភៀសសឹកនៅព្រំដែនផងដែរ។ សម្តេចតេជោ បានចាត់ទុកដំណើរទៅសួរសុខទុក្ខពលរដ្ឋភៀសសឹកថា ជាការបង្ហាញយ៉ាងច្បាស់នូវជំហររបស់លោកជំទាវក្នុងការគាំទ្រសន្តិភាព និងមិនចង់ឃើញសង្គ្រាមកើតឡើងនោះឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

សូមអរគុណ!

You might also like