ប្រមុខក្រសួងមហាផ្ទៃជឿជាក់ថា រាជធានីភ្នំពេញនឹងវិវត្តន៍ខ្លួនទៅជាទីក្រុងរដ្ឋបាលម៉េត្រូប៉ូលីតែនដ៏មានសក្តានុពល និងឈានមុខគេមួយនាពេលអនាគតសម្រាប់កម្ពុជា

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានបង្ហាញក្តីជឿជាក់យ៉ាងមុតមាំថា រាជធានីភ្នំពេញនឹងវិវត្តន៍ខ្លួនទៅជាទីក្រុងរដ្ឋបាលម៉េត្រូប៉ូលីតែនដ៏មានសក្តានុពល និងឈានមុខគេមួយនាពេលអនាគតសម្រាប់ប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ស្តីពីការចែករំលែកចំណេះដឹង និងបទពិសោធនៃប្រព័ន្ធរដ្ឋបាលម៉េត្រូប៉ូលីតែន នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គ្រប់រាជធានី-ខេត្ត ពីនេះទៅមុខអាចនឹងប្រែក្លាយទៅជារាជធានី-ខេត្តដែលមានប្រព័ន្ធម៉េត្រូប៉ូលីតែន ដើម្បីធានាបាននូវការគ្រប់គ្រងដែនដី ការរៀបចំផែនការអភិវឌ្ឍន៍ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងឆាប់រហ័ស។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បញ្ជាក់ថា លក្ខខណ្ឌចម្បងៗដែលរាជធានី-ខេត្តអាចរៀបចំជាប្រព័ន្ធរដ្ឋបាលម៉េត្រូប៉ូលីតែនបាន គឺត្រូវផ្អែកលើកត្តាសំខាន់ចំនួន ៣ រួមមាន ទី១-ចំនួនដង់ស៊ីតេប្រជាពលរដ្ឋ ទី២ -សក្តានុពលសេដ្ឋកិច្ច និងទី៣-ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ។ ផ្អែកលើមូលដ្ឋាននៃចំណុចទាំង ៣ នេះហើយ ទើបឯកឧត្តមអភិសន្តិបណ្ឌិត បង្ហាញក្តីជឿជាក់យ៉ាងមុតមាំថា រាជធានីភ្នំពេញពិតជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងស័ក្តិសមបំផុតជារាជធានី និងជាក្រុងម៉េត្រូប៉ូលីតែនឈានមុខគេ ដែលនឹងក្លាយជាគំរូសម្រាប់បណ្តាខេត្តសក្តានុពលផ្សេងៗទៀត ក្នុងការបន្តរៀបចំរចនាសម្ព័ន្ធនេះជាបន្តបន្ទាប់។

ទន្ទឹមនឹងនេះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានទាញចំណាប់អារម្មណ៍ ដោយបង្ហាញការកត់សម្គាល់ពីបទពិសោធជោគជ័យនៃបណ្ដាទីក្រុងធំៗក្នុងតំបន់មួយចំនួន ដូចជា ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលមានប្រព័ន្ធរដ្ឋបាលម៉េត្រូប៉ូលីតែន គ្របដណ្ដប់លើការគ្រប់គ្រងតំបន់រដ្ឋបាលពិសេសចំនួន ២៣ខណ្ឌ និងមានកញ្ចប់ថវិកាផ្ទាល់ខ្លួនខ្ពស់ជាងបណ្ដាខេត្តដទៃទៀត។ ក្នុងនោះដែរ ទីក្រុងម៉ានីល ក៏បានបង្កើតអាជ្ញាធរអភិវឌ្ឍន៍ម៉េត្រូប៉ូលីតែនម៉ានីល ដើម្បីសម្របសម្រួលកិច្ចការងាររួមគ្នាលើការគ្រប់គ្រងចរាចរណ៍ ការចាត់ចែងកាកសំណល់ និងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្សេងៗឱ្យមានប្រសិទ្ធភាពខ្ពស់។

គួរកត់សម្គាល់ថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ លោក សានុយ កាហ្សុម៉ាសា (SANUI Kazumasa) ប្រធានទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ប្រចាំប្រទេសកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សា និងអភិបាលនៃរាជធានី-ខេត្តទាំង ២៥ រួមជាមួយតំណាងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលជាច្រើនរូបទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត កោតសរសើរអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធ រៀបចំឱ្យមានសិក្ខាសាលានេះឡើង និងបានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន ដែលជួយឧបត្ថម្ភគាំទ្រ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍលើគ្រប់វិស័យ នៅកម្ពុជា ពិសេសបានផ្តល់កិច្ចសហការជាមួយក្រសួងមហាផ្ទៃ ដើម្បីលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាន ការបណ្តុះបណ្តាលមន្ត្រី ការផ្តល់អាហារូបករណ៍ ការអនុវត្តគម្រោងទីក្រុងវៃឆ្លាត ក្នុងខេត្តសៀមរាប និងគម្រោងផ្សេងជាច្រើនទៀត។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា ការរៀបចំប្រព័ន្ធរដ្ឋបាលម៉េត្រូប៉ូលីតែន គឺជាចក្ខុវិស័យដ៏វែងឆ្ងាយ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ចាប់តាំងពីចុងនីតិកាលទី៦ និងបន្តមកដល់នីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងគោលដៅធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានភាពស៊ីវិល័យ និងឆ្លាតវៃ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា ការរៀបចំប្រព័ន្ធរដ្ឋបាលម៉េត្រូប៉ូលីតែនដែលរឹងមាំ គឺជាគ្រឹះដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ និងជាកម្លាំងចលករក្នុងការទាក់ទាញការវិនិយោគ។

សូមបញ្ជាក់ថា សិក្ខាសាលានេះ រៀបចំឡើង ដោយមានការធ្វើបទបង្ហាញចំនួនពីរ ទី១.ស្ដីពីការសិក្សាប្រៀបធៀបរវាងប្រព័ន្ធរដ្ឋបាលទីក្រុងម៉េត្រូប៉ូលីតែន នៅប្រទេសឥណ្ឌូណេស៊ី ប្រទេសហ្វីលីពីន និងប្រទេសជប៉ុន ដោយលោក សាស្ត្រាចារ្យ កាមិតុ អាគីអុ (Kamiko Akio) ជំនួយការរបស់អង្គការJICA និងទី២. បទបង្ហាញអំពី ប្រព័ន្ធរដ្ឋបាលទីក្រុងម៉ានីល ដោយសាស្ត្រាចារ្យ អាឡិចប៊ី.ប្រីល្លានតេសជូនៀរ (Allex Brillantes Jr.)៕

You might also like