សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជា ឆ្នាំ២០២៦

(ភ្នំពេញ)៖ នៅថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ២០២៦។
កិច្ចប្រជុំកំពូលនេះរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ រយៈពេលពីរថ្ងៃក្រោមប្រធានបទ «បរិវត្តកម្មអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម»។
ពិធីបើកកិច្ចប្រជុំកំពូលនាព្រឹកថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន, លោក ចូអ៊ី ខនសិបសិន ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អ្នកធ្វើធុរកិច្ចជាតិ និងអន្តរជាតិជាច្រើនរូបផ្សេងទៀត។
កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ២០២៦ គឺជាវេទិកាដ៏មានសារសំខាន់ប្រចាំឆ្នាំ ដែលនឹងជជែកពិភាក្សាពីការធ្វើធុរកិច្ចរវាងអាស៊ាន និងកម្ពុជា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងការស្វែងរកនូវកាលានុវត្តភាពថ្មីៗបន្តទៀត។
បន្ទាប់ពីពិធីបើកជាផ្លូវការនាព្រឹកថ្ងៃនេះទៅ កិច្ចប្រជុំកំពូលនឹងបន្តជាមួយវេទិកានៃកិច្ចពិភាក្សា និងចែករំលែកនូវព័ត៌មាននានាពីមន្ត្រីជាន់ខ្ពស់របស់កម្ពុជា ក៏ដូចជាអ្នកធ្វើធុរកិច្ច។
កិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ច នឹងផ្តោតលើសក្តានុពលអាស៊ាន និង «យុទ្ធសាស្ត្រកម្ពុជា» ដោយលើកយកប្រធានបទសំខាន់ៗមួយចំនួនមកជជែកពិភាក្សា។ ប្រធានបទទាំងនោះរួមមាន៖
* ឧស្សាហកម្មបៃតង និងការធ្វើពិពិធកម្ម៖ «ការបង្កើនសក្តានុពលសម្រាប់របត់ថ្មី៖ ថាមពលស្អាតការគ្រប់គ្រងដីធ្លី និងការផលិតដែលមានតម្លៃខ្ពស់»។
* នវានុវត្តន៍ និងប្រព័ន្ធអេកូឡូស៊ីរួមបញ្ចូលគ្នា៖ «ការធ្វើសុខដុមនីយកម្មគយ ពន្ធដារ ឡូជីស្ទីក និងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ដើម្បីកំណើនអាជីវកម្ម»
* សមាហរណកម្មតំបន់៖ «កំណើនហួសពីព្រំដែន៖ ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងទេសចរណ៍»
* ការវិវត្តនៃកម្លាំងពលកម្ម៖ «ជំនាញសម្រាប់ថ្ងៃស្អែក៖ ការវិវត្តនៃវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងពិភពលោកទំនើប»។
សូមបញ្ជាក់ថា បើទោះបីស្ថិតក្នុងបរិការណ៍ដ៏លំបាកនៃសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ និងរំខានដោយបញ្ហាដ៏ស្មុគស្មាញរបស់សកលលោកយ៉ាងណាក្តី តែកម្ពុជាបន្តរក្សាបាននូវបរិយាកាសធុរកិច្ចមួយល្អប្រសើរនៅក្នុងឆ្នាំ២០២៥។
គេអាចមើលឃើញពីបរិយាកាសល្អប្រសើរនោះ តាមរយៈការរក្សាបាននូវកំណើនធ្វើពាណិជ្ជកម្ពុជា និងការវិនិយោគរបស់កម្ពុជា។
ក្នុងឆ្នាំ២០២៥ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មជាង ៦៥.២៤ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៧.៦៦%។ ពេញមួយឆ្នាំ២០២៥ កម្ពុជាបាននាំចេញទំនិញសំខាន់ៗសម្រេចបានទឹកប្រាក់ចំនួន ៣១.២៨ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៦.៩៥% និងការនាំចូលសម្រេចបានទឹកប្រាក់ ៣៣.៩៦ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៨.៣២%។
ទីផ្សារនាំចេញសំខាន់ៗរបស់ កម្ពុជា រួមមាន៖ អាស៊ាន, អូស្រ្តាលីលី, ចិន, ជប៉ុន, សាធារណរដ្ឋកូរ៉េ, ណូវែលហ្សេឡង់, សហភាពអឺរ៉ុប, ចក្រភពអង់គ្លេស, សហរដ្ឋអាម៉េរិក, កាណាដា, អេមីរាត់អារ៉ាប់រួម និងឥណ្ឌា។
ទំនិញនាំចេញសំខាន់ៗរបស់កម្ពុជា រួមមាន៖ ១) សម្លៀកបំពាក់ ២) វាយនភ័ណ្ឌ ៣)ស្បែកជើង ៤) សម្ភារៈធ្វើដំណើរនិង កាបូប ៥) សំបកកង់រថយន្ត ៦) ស្វាយចន្ទី ៧) អង្ករ ៨) ដំឡូងមី និង៩) គ្រឿងបង្គុំអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត។
សម្រាប់ការវិនិយោគវិញ ពេញមួយឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន៦៣០គម្រោង កើន៥២% ក្នុងទំហំទុនវិនិយោគសរុប១០ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែង។
គម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣៨៧ និងគម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២៤៣។
ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន២១៦ ស្មើនឹងប្រមាណ ៥២% ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៣ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ ៤៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោង វិនិយោគចំនួន ៤១៤ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៦.៩ប៊ីលានដុល្លារអាម៉េរិក។
បន្ថែមពីលើគម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីនៅ គ.វ.ក. នៃ ក.អ.ក. នៅក្នុងឆ្នាំ២០២៥នេះ អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត បានសម្រេចចុះបញ្ជីគម្រោងវិនិយោគ សរុបចំនួន ២២៨គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៧៦៣លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានប្រមាណ១០៦ពាន់កន្លែង៕

You might also like