ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីអំពើ៏លួច(លួចម៉ូតូ)និងរក្សាទុកឧប្បករណ៍សម្រាប់កាច់សោ ក ម៉ូតូ(ដែកកន្ទុយអន្ទង់)
ស្រុកត្រាំកក់ : ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការ នៃអធិការដ្ឋាននគរបាលស្រុក បានចេញល្បាតក្នុងភូមិសាស្ត្រសំខាន់ៗក្នុងស្រុកត្រាំកក់ លុះមកដល់ចំណុចលើផ្លូវលំគ្រោះក្រហមមានរោងសង្កសីស្ថិតក្នុងភូមិគ្រាំង គរ ឃុំត្រាំកក់ កម្លាំងសមត្ថកិច្ចដោយមានការសង្ស័យក៏បានឃាត់ខ្លួនឈ្មោះ បុល ភាស់ ភេទប្រុសអាយុ ២០ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំខ្នាចរមាស ស្រុកឈូក ខេត្តកំពត។ ដែលជាមុខសញ្ញាលួច និងប្រើប្រាស់សារធាតុញៀន សមត្ថកិច្ចក៏បានធ្វើការឆែកឆេរលើខ្លួនជនសង្ស័យដកហូតបានកូនសោរទីបលេខ៨ចំនួន០២ នឹងដែក កន្ទុយអន្ទង់ដែលជាឧបករណ៍សម្រាប់បុកកាច់សោម៉ូតូចំនួន០២ បន្ទាប់ពី បន្ទាប់មកសមត្ថកិច្ចសាកសួរឈ្មោះ បុល ភាស់ បានព្យាយាម រត់គេច ហើយសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗរូបគេបានសារភាពថាខ្លួននិងបក្សពួកមានឈ្មោះ សេង សុខ ភេទប្រុសអាយុ ២៣ឆ្នាំ រស់នៅភូមិគ្រាំង គរ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ និងឈ្មោះ អ៊ុត ម៉ូវ ភេទប្រុសអាយុ ៣១ ឆ្នាំនៅភូមិកសិករ ឃុំសំឡាញ ស្រុកអង្គរជ័យខេត្តកំពត។ ធ្លាប់ធ្វើសកម្មភាពជិះម៉ូតូរួចចុះកាច់សោរកលួចយកម៉ូតូបានចំនួន ០៤ លើកតែបានសម្រេច០២លើកគឺ ៖
នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១១.០០ ឈ្មោះបុល ភាស់ និងឈ្មោះ សេង សុខ បានធ្វើសកម្មភាពចូលទៅកាច់សោរ ក លួចយកម៉ូតូម៉ាក សេ125ស៊េរី២០១៦ ពណ៌ខ្មៅរបស់ឈ្មោះជ័យរៀម ភេទ ប្រុសអាយុ៧១ឆ្នាំនៅភូមិយាយឡ ឃុំ ត្រាំកក់ បានម៉ូតូ០១គ្រឿងដែលបញ្ឈរទុកនៅពីខាងជើងផ្ទះរបស់ខ្លួន ហើយម៉ូតូនេះ នៅឈ្មោះ អ៊ាងភា ភេទប្រុសអាយុ៣៦ឆ្នាំរស់នៅភូមិជ្រៃ ត្នោត ឃុំត្រាំកក់ ស្រុកត្រាំកក់ជាមុខសញ្ញាចែកចាយ ប្រើប្រាស់សារធាតុញៀនជាអ្នកជិះ ។
លុះដល់ថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៦ ឈ្មោះ បុល ភាស់ និងឈ្មោះ អ៊ុត ម៉ូវ បានធ្វើសកម្មភាពលួចកាច់សោរ ក យកម៉ូតូធុនវ៉េវពណ៌ខ្មៅគ្មានផ្លាកលេខដែលម្ចាស់បញ្ឈរទុកលើភ្លឺស្រែប្រាំងនៅម្ដុំខាងត្បូងភ្នំជីសូ ស្រុកសំរោងបាន០១គ្រឿងទៀតហើយឈ្មោះអ៊ុតម៉ូវ យកទៅលក់បានប្រាក់ចំនួន ១៥០ដុល្លារ បច្ចុប្បន្នឈ្មោះអ៊ុត ម៉ូវ នេះសមត្ថកិច្ចកំពត ឈាត់ខ្លួនបាន អនុវត្តផ្លូវច្បាប់ពីបទអំពើលួចម៉ូតូ ក្រោយពីបានចម្លើយរបស់ឈ្មោះ បុល ភាស់
ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយលោក លីម ហ៊ន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ។
នៅថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៦ វេលាម៉ោង ១១និង ៣០ នាទីសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យឈ្មោះ សេង សុខ ដែលជាបក្សពួករួចដកហូតបានកូនសោទីបលេខ ១០ ចំនួន០២នឹងដែកកន្ទុយអន្ទង់ដែលជាឧប្បករណ៍សម្រាប់បុកកាច់សោ ក ម៉ូតូបានចំនួន០២បន្ថែមទៀត។
ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ កំពុងកសាងសំណុំរឿងទៅតាមនីតិវិធី។






