អ៉ីស្រាអែលអះអាងថា ខ្លួននិងអាមេរិកកំពុងគ្រប់គ្រងសឹងតែទាំងស្រុង លើដែនអាកាសរបស់ប្រទេសអ៉ីរ៉ង់
(យូអិន)៖ កាលពីថ្ងៃអង្គារ ទី៣ ខែមីនា បេសកជនអ៉ីស្រាអែលប្រចាំ UN លោក Danny Danon បាននិយាយថា អ៉ីស្រាអែលនិងសហរដ្ឋអាមេរិក ឥឡូវនេះកំពុងគ្រប់គ្រងដែនអាកាសប្រទេសអ៉ីរ៉ង់ស្ទើរតែទាំងមូល ហើយឧត្តមភាពនេះ នឹងត្រូវមើលឃើញជាក់ស្តែង ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅ UN ក្នុងទីក្រុងញូវយ៉ក លោក Danon បានទទួលស្គាល់ថា សង្រ្គាមជាមួយអ៉ីរ៉ង់ មិនអាចចប់ក្នុងពេលត្រឹមប៉ុន្មានថ្ងៃឬមួយសប្តាហ៍ទេ។ លោកបេសកជនអ៉ីស្រាអែល បាននិយាយយ៉ាងដូច្នេះថា «យើងដឹងថា វានឹងមិនមែនជាសង្រ្គាមងាយស្រួយឡើយ។ យើងដឹងពីសមត្ថភាពនៃរបបដឹកនាំអ៉ីរ៉ង់។ ពួកគេបានចំណាយលុយរាប់ពាន់លានដុល្លារ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម ហើយយើងក៏ដឹងដែរថា វានឹងជាប្រតិបត្តិការធំមួយ»។
យ៉ាងណាមិញ លោក Danon បានបន្តថា «ប៉ុន្តែវានឹងមិនបន្តជារៀងរហូតនោះទេ។ យើងមានឧត្តមភាព។ ពេលនេះ យើងកំពុងគ្រប់គ្រងសឹងទាំងស្រុងលើដែនអាកាសរបស់អ៉ីរ៉ង់ ហើយខ្ញុំជឿជាក់ថា យើងនឹងអាចបង្ហាញឧត្តមភាពនោះជាក់ស្តែង ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ»។
ដោយឡែក នៅពេលត្រូវបានសាកសួរថា តើការវាយប្រហារមីស៉ីលនិងដ្រូនរបស់អ៉ីរ៉ង់ ទៅលើបណ្តាប្រទេសជិតខាងនៅក្នុងតំបន់ ប្រហែលនឹងបន្តយូរប៉ុនណាទៀត លោក Danon បានឆ្លើយតបថា ការវាយប្រហាររបស់អាមេរិកនិងអ៉ីស្រាអែលលើអ៉ីរ៉ង់ ចាប់តាំងពីថ្ងៃសៅរ៍ បានទទួលជោគជ័យក្នុងការធ្វើឱ្យចុះទន់ខ្សោយសមត្ថភាពរបស់អ៉ីរ៉ង់៕






