តួកគីបញ្ជាក់ថា ប្រព័ន្ធការពារអង្គការណាតូ (NATO) បានបាញ់កម្ទេចមីស៊ីលអ៉ីរ៉ង់ ដែលហោះចូលដែនអាកាសខ្លួន

(អង់ការ៉ា)៖ តួកគីបានប្រកាសនាថ្ងៃពុធនេះថា ប្រព័ន្ធការពារដែនអាកាសរបស់អង្គការណាតូ (NATO) បានបាញ់កម្ទេចគ្រាប់មីស៊ីលបាលិស្ទីកមួយគ្រាប់ ដែលបាញ់ចេញពីប្រទេសអ៉ីរ៉ង់ ខណៈវាកំពុងហោះចូលដែនអាកាសតួកគី។ ព្រឹត្តិការណ៍នេះ គឺជាលើកទីមួយហើយដែលសមាជិកណាតូមួយនេះ ត្រូវទាញចូលទៅក្នុងជម្លោះមជ្ឈិមបូព៌ាដែលកំពុងរីករាលដាល។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងការពារជាតិតួកគីបានបញ្ជាក់ថា មីស៊ីលនេះបានហោះកាត់អ៉ីរ៉ាក់ និងស៊ីរី មុនពេលត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់ណាតូ ដែលឈរជើងនៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ។ បំណែកនៃមីស៊ីលបានធ្លាក់ក្នុងខេត្ត Hatay ដែលមានព្រំប្រទល់ជាប់នឹងមូលដ្ឋានទ័ពអាកាស Incirlik ដែលមានវត្តមានកងទ័ពអាមេរិក ប៉ុន្តែមិនមានអ្នករងរបួសឡើយ។ ទោះបីជាមិនទាន់ច្បាស់ពីគោលដៅពិតប្រាកដនៃមីស៊ីលនេះក្តី ប៉ុន្តែអ្នកនាំពាក្យណាតូបានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើរបស់អ៉ីរ៉ង់ ហើយបញ្ជាក់ថាណាតូឈរយ៉ាងរឹងមាំជាមួយសម្ព័ន្ធមិត្តទាំងអស់។

គួរបញ្ជាក់ថា ក្រសួងការពារជាតិតួកគីបានព្រមានភាគីទាំងអស់កុំឱ្យបង្កើនភាពតានតឹងបន្ថែម និងសង្កត់ធ្ងន់ថា ខ្លួននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន។ ភ្លាមៗនោះ រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan ក៏បានហៅទូរស័ព្ទតវ៉ាផ្ទាល់ទៅកាន់សមភាគីអ៉ីរ៉ង់ លោក Abbas Araqchi ផងដែរ។ គួររំលឹកថា កន្លងមកទីក្រុងអង់ការ៉ាធ្លាប់បានព្យាយាមដើរតួជាអ្នកសម្របសម្រួលរវាងអ៉ីរ៉ង់ និងអាមេរិក ប៉ុន្តែស្ថានការណ៍បានប្រែជាតានតឹងខ្លាំង ក្រោយអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហារ ដែលជំរុញឱ្យអ៉ីរ៉ង់បាញ់ស្រោចមីស៊ីលសងសឹកទៅគ្រប់ទិសទី៕

You might also like