នាវាមុជទឹកអាមេរិក បាញ់ពន្លិចនាវាចម្បាំងអ៉ីរ៉ង់នៅក្បែរស្រីលង្កា សម្លាប់មនុស្សយ៉ាងហោច ៨០នាក់

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេកសេត បានប្រកាសនាថ្ងៃពុធនេះថា នាវាមុជទឹកអាមេរិកបានបាញ់ពន្លិចនាវាចម្បាំងអ៉ីរ៉ង់ IRIS Dena មួយគ្រឿង នៅក្បែរឆ្នេរសមុទ្រភាគខាងត្បូងស្រីលង្កា ដោយប្រើប្រាស់គ្រាប់តូពីដូ (Torpedo) ដែលលោកចាត់ទុកថាជា «ការស្លាប់ដោយស្ងៀមស្ងាត់បំផុត»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
អនុរដ្ឋមន្ត្រីការបរទេសស្រីលង្កា បានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ៨០នាក់ បានស្លាប់ក្នុងហេតុការណ៍នេះ ខណៈនាវារងគ្រោះកំពុងធ្វើដំណើរត្រឡប់ពីឥណ្ឌាឆ្ពោះទៅអ៉ីរ៉ង់វិញ បន្ទាប់ពីទើបបញ្ចប់ការចូលរួមសមយុទ្ធកងទ័ពជើងទឹកនៅតំបន់ឈូងសមុទ្រ Bengal ចន្លោះថ្ងៃទី១៨ ដល់២៥ ខែកុម្ភៈ។
គួរបញ្ជាក់ថា ការវាយប្រហារដ៏សាហាវនេះ គឺជាការបញ្ជូនសារព្រមានដ៏ច្បាស់លាស់មួយរបស់ទីក្រុងវ៉ាស៊ីនតោន និងបង្ហាញពីការពង្រីកវិសាលភាពតាមប្រមាញ់កងទ័ពជើងទឹកអ៉ីរ៉ង់ ទោះបីជាស្ថិតក្នុងដែនទឹកអន្តរជាតិក៏ដោយ៕

You might also like