ក្រុមការងារ CMAC បាននិងកំពុងបន្តរុករកសំណល់ជាតិផ្ទុះ នៅប្រាសាទព្រះវិហារ ដែលបន្សល់ដោយទាហានឈ្លានពានថៃ

( ព្រះវិហារ) នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ម្សិលមិញនេះ ក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បាននិងកំពុងធ្វើការរុករកសំណល់ជាតិផ្ទុះ នៅបរិវេណប្រាសាទព្រះវិហារ ដែលប្រាសាទជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ ស្ថិតនៅលើជួរភ្នំដងរែក ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បន្ទាប់ពីសង្គ្រាមឈ្លានពានថៃ នាពេលកន្លងមក។

សូមជម្រាបជូនថា នៅក្នុងសង្គ្រាមឈ្លានពានរបស់កងកម្លាំងថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ទាំងពីរលើក ថៃបានធ្វើការបាញ់ផ្លោង និងទម្លាក់គ្រាប់បែក មិនរើសមុខ មិនរើសទីតាំង ដែលបណ្តាលឱ្យខូចខាតនូវផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល វត្តអារាម សាលារៀន មណ្ឌលសុខភាព ប្រាសាទបុរាណ ដែលក្នុងនោះ ប្រាសាទព្រះវិហាររបស់ខ្មែរបានរងការខូចខាតជាទម្ងន់។

ថ្មីៗនេះផងដែរ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងដើម្បីបោកប្រាស់មតិអន្តរជាតិរបស់អ្នកការទូតជាន់ខ្ពស់ថៃ ដែលចោទប្រកាន់ថាប្រទេសកម្ពុជាបានប្រើប្រាស់ ប្រាសាទព្រះវិហារ ជាទីតាំងយោធា។

You might also like