សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ចាប់តំាងពីឆ្នាំ១៩៧៩មក រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុក្ខដាក់ខ្ពស់ដល់ការអភិវឌ្ឍ ទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ រហូតធ្វើឱ្យកម្ពុជាមានសុខដុមនីយកម្មខាងសាសនា
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា មានប្រសាសន៍ថា ចាប់តំាងពីឆ្នាំ១៩៧៩មក រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុក្ខដាក់ខ្ពស់ដល់ការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ រហូតធ្វើឱ្យកម្ពុជាទទួលបាននូវការអភិវឌ្ឍរីកចម្រើន និងមានសុខដុមនីយកម្មខាងសាសនា។
សម្ដេចប្រធានរដ្ឋសភាលើកឡើងបែបនេះក្នុងឱកាសទទួលជួបជាមួយប្រតិភូមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជាដឹកនាំដោយ អ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលនិងជាប្រធាននាទីស្វែងយល់ព្រះពុទ្ធសាសនា នៅវិមានរដ្ឋសភា ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១១៥ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។
នៅក្នុងជំនួបនោះ សម្តេចប្រធានរដ្ឋសភា ក៏បានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះសកម្មភាពការងាររបស់ មជ្ឈមណ្ឌលនិងជាពិសេសនាទីស្វែងយល់ព្រះពុទ្ធ ដែលបានចូលរួមចំណែកដ៏សំខាន់នៅក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ក៏ដូចជាបានចូលរួមអប់រំសីលធម៌សង្គម តាមមាគគ៌ាព្រះពុទ្ធសាសនាជូនដល់ប្រជាពលរដ្ឋ ស្របតាមចក្ខុវិស័យសន្តិភាព របស់រាជរដ្ឋាភិបាល៕






