ព្រះខ័នរាជ វាយបកឈ្នះក្រោន ៤-១ ក្នុងជំនួបវគ្គ ១/៤ ជើង១ នៃពាន ACGL 2025/26 ចំពោះមុខអ្នកគាំទ្រជាង ២ម៉ឺននាក់
(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង បានវាយបកឈ្នះក្រុមរួមជាតិ ភ្នំពេញក្រោន ដោយលទ្ធផល ៤-១ ក្នុងជំនួបវគ្គ ៨ក្រុមចុងក្រោយ (ជើងទី១) នៃពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 នារាត្រីព្រហស្បតិ៍ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។
ការប្រកួតរវាងក្រុមខ្លាំងទាំង២ របស់កម្ពុជាក្នុងពានរង្វាន់អន្ដរជាតិនេះ បានធ្វើមានទទួលការចាប់អារម្មណ៍ជាខ្លាំងពីអ្នកទស្សនា បន្ទាប់ពីក្រុមនីមួយៗបានប្រើប្រាស់កីឡាករបរទេសស្ទើរទាំងស្រុង ក្នុងជម្រើស ១១នាក់ដំបូង ហើយបានវាយសម្រុកគ្នាពេញ ៩០នាទី ចំពោះមុខអ្នកទស្សនាផ្ទាល់ចំនួន ២០,២៤៩នាក់។
ជំនួបដ៏តានតឹងនេះ ត្រឹមរយៈពេល ៣នាទី កីឡាករ Moses Dyer រកបានគ្រាប់នាំមុខ ១គ្រាប់មុនឲ្យភ្នំពេញក្រោន មុនកីឡាករ Peprah Kwame រកបានគ្រាប់តាមស្មើវិញ នៅនាទី២៩ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់វគ្គទី១ មុនបន្ដការប្រកួតវគ្គ២ ព្រះខ័នរាជស្វាយរៀង បានបន្ថែម ៣គ្រាប់ទៀត ដោយ Peprah Kwame នៅនាទី៦៧ និងនាទី៨២ និងមិត្ដរួមក្រុម Patrick Robson ស៊ុតបាល់ពិន័យ ១១ម៉ែត្រ នៅនាទី៧៥។
ជ័យជម្នះនេះ បានក្លាយជាដើមទុនដ៏សំខាន់សម្រាប់ក្រុមជើងឯករងឆ្នាំចាស់ ព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតកាត់សេចក្ដីជើងទី២ តែជាសម្ពាធមួយដ៏ធំ សម្រាប់ភ្នំពេញក្រោន ដែលត្រូវប្រកួតក្រៅដី។ ជំនួបកាត់សេចក្ដីជើងទី២ ក្នុងវគ្គ ១/៤ ផ្ដាច់ព្រ័ត្រពានកម្រិតទី៣ ទ្វីបអាស៊ី រវាងក្រុមកម្ពុជាទាំងពីរ នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ខាងមុខ៕






