លោក Trump ថា សហរដ្ឋអាមេរិកត្រូវតែមានចំណែកក្នុងការជ្រើសរើសមេដឹកនាំបន្ទាប់របស់អ៊ីរ៉ង់
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានអះអាងពីសិទ្ធិក្នុងការចូលរួមជាមួយអ៊ីរ៉ង់ដើម្បីសម្រេចចិត្តលើមេដឹកនាំបន្ទាប់របស់ខ្លួន ខណៈសង្គ្រាមកាន់តែធ្ងន់ធ្ងរកាលពីថ្ងៃព្រហស្បតិ៍៥មីនាសប្ដាហ៍នេះ ដោយយន្តហោះចម្បាំងអាមេរិក និងអ៊ីស្រាអែល បន្តវាយប្រហារតំបន់នានាទូទាំងប្រទេស ហើយបណ្ដាទីក្រុងឈូងសមុទ្រ កំពុងស្ថិតនៅក្រោមការទម្លាក់គ្រាប់បែកជាថ្មីទៀត។
លោកបានថ្លែងក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយសារព័ត៌មាន Reuters ថា សហរដ្ឋអាមេរិក ចង់ចូលរួមក្នុងដំណើរការនៃការជ្រើសរើសអ្នកដែលនឹងដឹកនាំអ៊ីរ៉ង់ទៅថ្ងៃអនាគត។
នៅក្នុងបទសម្ភាសន៍មួយផ្សេងទៀតជាមួយសារព័ត៌មាន Axios លោកបានបដិសេធលទ្ធភាពដែលកូនប្រុសរបស់មេដឹកនាំកំពូលទើបត្រូវបានសម្លាប់ថ្មីៗ លោក Ayatollah Ali Khamenei គឺលោក Mojtaba Khamenei នឹងជំនួសឪពុករបស់ខ្លួន ដោយបានបដិសេធបុរសវ័យក្មេងរូបនេះថាជា “មនុស្សគីឡូស្រាល” ។
លោក Trump ក៏បានជំរុញកងកម្លាំងឃឺដអ៊ីរ៉ង់ឱ្យបន្តការវាយប្រហារលើប្រទេសនេះផងដែរ។
លោក Trump ដែលរដ្ឋបាលរបស់លោកមានទំនាក់ទំនងជាមួយក្រុមឃឺដអ៊ីរ៉ង់ចាប់តាំងពីការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើម បាននិយាយថា រូបលោកនឹងគាំទ្រគ្រប់បែបយ៉ាង។លោកពុំបាននិយាយថាតើសហរដ្ឋអាមេរិកនឹងផ្តល់ការការពារផ្លូវអាកាសសម្រាប់ការវាយលុករបស់ក្រុមឃឺដណាមួយដែរឬអត់នោះទេ។
ការវាយប្រហារនេះគឺជាល្បែងនយោបាយដ៏សំខាន់មួយសម្រាប់ប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋអាមេរិករូបនេះ ដោយការស្ទង់មតិបង្ហាញពីការគាំទ្រពីសាធារណជនតិចតួច ហើយជនជាតិអាមេរិកមានការព្រួយបារម្ភអំពីការកើនឡើងនៃតម្លៃប្រេងសាំងដែលបណ្តាលមកពីការរំខានដល់ការផ្គត់ផ្គង់ថាមពល។ លោក Trump បានច្រានចោលការព្រួយបារម្ភនោះ៕






