ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ បើកសិក្ខាសាលាបណ្តុះបណ្តាលបច្ចេកទេសស្តីពីការគ្រប់គ្រងហានិភ័យទឹកជំនន់ចម្រុះ និងការបង្កើនប្រសិទ្ធភាពប្រតិបត្តិការទំនប់

នាថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលបច្ចេកទេសស្តីពី «ការគ្រប់គ្រងហានិភ័យទឹកជំនន់ចម្រុះ និងការបង្កើនប្រសិទ្ធភាពប្រតិបត្តិការទំនប់» នៅសណ្ឋាគារដួងច័ន្ទ រាជធានីភ្នំពេញ។
សូមជម្រាបថា សិក្ខាសាលានេះ រៀបចំឡើងដោយក្រុមហ៊ុនជប៉ុន CTI Engineering International Co., Ltd. ក្រោមគម្រោងសាកល្បងរបស់ការិយាល័យទីស្តីការគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលជប៉ុន ក្នុងគោលបំណងណែនាំអំពីវេទិកាប្រព័ន្ធព័ត៌មានគ្រប់គ្រងហានិភ័យទឹកជំនន់ (RisKma) ដែលបានអនុវត្តសាកល្បងនៅអាងទឹកពហុបំណងបាត់ដំបង (សេកសក) ក្នុងអាងស្ទឹងសង្កែ ខេត្តបាត់ដំបង។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញនៃនាយកដ្ឋានឧតុនិយម នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង មន្ត្រីហាត់ការជំនាញពាក់ព័ន្ធ ព្រមទាំងតំណាងក្រុមហ៊ុន CTI Engineering International Co., Ltd. សរុបជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃប្រព័ន្ធ RisKma ដែលជាឧបករណ៍បច្ចេកទេសដ៏មានប្រសិទ្ធភាព ក្នុងការប្រើប្រាស់ទិន្នន័យផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ ដើម្បីគាំទ្រដល់ការសម្រេចចិត្តលើការគ្រប់គ្រងហានិភ័យទឹកជំនន់ និងប្រតិបត្តិការទំនប់ឱ្យកាន់តែមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ ឯកឧត្តមបានថ្លែងអំណរគុណ និងលើកទឹកចិត្តដល់មន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ឱ្យខិតខំក្រេបជញ្ជក់ចំណេះដឹង និងចូលរួមអនុវត្តជាក់ស្តែងឱ្យបានសកម្មបំផុត។ ជាទិសដៅបន្ត ក្រសួងនឹងពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយភាគីជប៉ុន ដើម្បីជំរុញការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ឱ្យកាន់តែទំនើប ឌីជីថល និងមានចីរភាព៕

You might also like