ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញជាអធិបតីក្នុងវេទិកា “ពិភាក្សាជាមួយយុវជននៅខេត្តមណ្ឌលគិរី”
មណ្ឌលគិរី ៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងវេទិកា “ពិភាក្សាជាមួយយុវជន” នៅខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ គណៈប្រតិភូអមដំណើរ រួមទាំងមន្រ្តីក្រោមឱវាទ យុវជន និងសិស្សានុសិស្សសរុប ៤៥០នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២៦។
វេទិកាពិភាក្សានេះ ត្រូវបានរៀបចំក្នុងគោលបំណងសិក្សាស្វែងយល់ និងពង្រឹងនូវគោលជំហរ ទស្សនៈ និងការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ វេទិកាដ៏មានសារៈសំខាន់នេះ ជាការផ្តល់នូវឱកាសដល់យុវជន និងអង្គវេទិកាទាំងមូល ក្នុងការចូលរួមជាមតិយោបល់ បន្ថែមនូវចំណេះដឹងសម្រាប់បន្តផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ, ចំងល់និងក្តីបារម្ភ និងចែករំលែកនូវបទពិសោធន៍ នៃការដឹកនាំរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ការចូលរួមជាសំណួរ និងសំណូមពរយ៉ាងផុសផុលពីបងប្អូនយុវជនខេត្តមណ្ឌលគិរី ក្នុងបុព្វហេតុការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងចូលរួមកសាងប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ក្រោមការដឹកនាំរបស់ សម្តេចតេជោ និងសម្តេចធិបតី។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចធិបតីជូនចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងយុវជនខេត្តមណ្ឌលគិរី និងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយ ដែលខេត្តមណ្ឌលគិរីសម្រេចបាន ក្រោមការដឹកនាំរបស់ឯកឧត្តម ថង សាវុន អភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងយុវជននៅទូទាំងខេត្តមណ្ឌលគិរី។ ឯកឧត្តម បណ្ឌិត បានសំណូមពរឱ្យមន្រ្តីក្រោមឱវាទ និងបងប្អូនយុវជនទាំងអស់ បន្តការគាំទ្រជឿជាក់ និងជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងសូមកុំធ្វើសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពជួរមុខ ខណៈដែលយើងត្រូវរួបរួមសាមគ្គីគ្នា ដើម្បីការពារជាតិ និងទឹកដីយើងទាំងអស់គ្នា ជាពិសេស កុំជឿ ឬ ចូលរួមផ្សព្វផ្សាយព័ត៌មានក្លែងក្លាយគ្រប់រូបភាពរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលតែងញុះញង់ បណ្តុះគំនិតហឹង្សាដោយចេតនា ក្នុងគោលដៅបំបែកបំបាក់សាមគ្គីជាតិរបស់កម្ពុជាយើង។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ៖ ១. មន្រ្តីរាជការ និងយុវជន ត្រូវពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ ក្នុងពេលសត្រូវឈ្លានពានបានប្រើប្រាស់នូវសង្គ្រាមចិត្តសាស្រ្តក្នុងការបំបែកបំបាក់ផ្ទៃក្នុងកម្ពុជា ២.យុវជននៅគ្រប់មជ្ឈដ្ឋាន ត្រូវបន្តគាំទ្រ ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំដ៍មុតមាំ និងសូមបន្តការគាំទ្រជឿជាក់លើរាជរដ្ឋាភិបាល ដែលសម្តេចទាំងទ្វេ តែងគិតគូរយកចិត្តទុកដាក់ និងដោះស្រាយបញ្ហានានា និងបានយកអាយុជីវិតការពារប្រជាពលរដ្ឋ និងទឹកដីជាធំ។ ៣.ស្នើសុំឯកឧត្តម អភិបាលខេត្ត សូមបន្តរៀបចំវេទិកានេះ ទៅតាមថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីផ្សព្វផ្សាយឱ្យយុវជនយល់ច្បាស់អំពីសភាពការណ៍បច្ចុប្បន្នក្នុងប្រទេស ក្តីបារម្ភនិងចម្ងល់ពីបញ្ហាព្រំដែន ព្រមជាមួយសំណើផ្សេងៗក្នុងការជួយចូលរួមអភិវឌ្ឍន៍ក្នុងមូលដ្ឋានសហគមន៍របស់ខ្លួន៕






