អ៉ីរ៉ង់តែងតាំងកូនប្រុសរបស់លោក Khamenei ជាមេដឹកនាំកំពូលថ្មី ខណៈប្រេងឡើងថ្លៃខ្ពស់ជាង ១០០ដុល្លារក្នុងមួយបារ៉ែល
(ឌូបៃ)៖ អ៉ីរ៉ង់ នៅថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ បានតែងតាំងលោក Mojtaba Khamenei ឱ្យឡើងកាន់តំណែងជាមេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ ជំនួសឪពុក របស់លោក គឺលោក Ali Khamenei ដែលនេះជាសញ្ញាមួយបង្ហាញពីការរឹងទទឹងរបស់ទីក្រុងតេហេរ៉ង់ ខណៈសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់បានធ្វើឱ្យប្រេងហក់ឡើងថ្លៃខ្ពស់ជាង ១០០ដុល្លារក្នុងមួយបារ៉ែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Mojtaba ដែលជាអាចារ្យម្នាក់មានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងជួរកងកម្លាំងសន្តិសុខ និងបណ្ដាញធុរកិច្ចដ៏ធំនៅក្រោមការដឹកនាំរបស់ឪពុករបស់លោក ត្រូវបានស្ថាប័នក្រុមអាចារ្យមានជាសមាជិក៨៨នាក់ដែលគេស្គាល់ថាសភានៃក្រុមអ្នកជំនាញបោះឆ្នោតជ្រើសតាំងជាអ្នកបន្តវេនពីលោក Ali Khamenei។ «តាមរយៈការសម្រេចចិត្តចុងក្រោយ សភានៃក្រុមអ្នកជំនាញ បានតែងតាំង Ayatollah Seyyed Mojtaba Hosseini Khamenei ជាមេដឹកនាំទី៣នៃប្រព័ន្ធដ៏ពិសិដ្ឋរបស់សាធារណរដ្ឋអ៉ីស្លាម់អ៉ីរ៉ង់»។ នេះការប្រកាសរបស់សភានៃក្រុមអ្នកជំនាញក្នុងសេចក្ដីថ្លែងការណ៍មួយ។
ការប្រគល់តំណែងជាមេដឹកនាំកំពូលអ៉ីរ៉ង់ទៅឱ្យលោក Mojtaba មានន័យថាលោកជាអ្នកសម្រេចរាល់កិច្ចការតូចធំៗទាំងអស់របស់អ៉ីរ៉ង់។ សេតវិមានមិនទាន់បាន បញ្ចេញប្រតិកម្មទេ។ ប៉ុន្តែការតែងតាំងរបស់លោក Mojtaba ត្រូវបានរំពឹងថានឹងធ្វើឱ្យលោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ខឹងសម្បារ បន្ទាប់ពី លោកផ្ទាល់កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅថាទីក្រុងវ៉ាស៊ីនតោនគួរតែមានសិទ្ធិក្នុងការជ្រើសរើសមេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់។ «ប្រសិនបើមេដឹកនាំអ៉ីរ៉ង់ថ្មី មិនទទួលបានការគាំទ្រពីពួកយើងទេ នោះរូបលោកគេមិនអាចកាន់តំណែងបានយូរឡើយ»។ នេះជាការលើកឡើងរបស់លោក ត្រាំ ក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មាន ABC News។
អ៉ីស្រាអែលក៏ធ្លាប់បានគំរាមដែរនឹងតាមកម្ទេចមិនថានរណានោះទេឱ្យតែជាមេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់។
គួរបញ្ជាក់ថា ឪពុករបស់លោក Mojtaba គឺមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់ សហរដ្ឋអាមេរិក និងអ៉ីស្រាអែលប្រឆាំងនឹងអ៉ីរ៉ង់កាលពីសប្ដាហ៍មុន៕






