រដ្ឋបាលខេត្តក្រចេះ បើកកិច្ចប្រជុំពិនិត្យពិភាក្សា និងដាក់វិធានការស្តីពីការគ្រប់គ្រងហានិភ័យនៃការទិញលក់ប្រេងឥន្ទនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់

រសៀលថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម វ៉ា ថន អភិបាល នៃគណអភិបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ទីរ អង្គភាព និងអភិបាល ក្រុង /ស្រុក និងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យពិភាក្សានិងដាក់វិធានការ ស្តីពីការគ្រប់គ្រង ហានិភ័យនៃការទិញលក់ប្រេងឥន្ទនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់នៅក្នុងខេត្តក្រចេះ។
កិច្ចប្រជុំនេះ បានធ្វើឡើងបន្ទាប់ពីមានការផ្ទុះឡើងនៃតម្លៃលក់រាយប្រេងឥន្ទនៈ នៅតាមតំបន់ជនបទដាច់ស្រយាលមួយចំនួនក្នុងខេត្តក្រចេះមានការកើនឡើងខ្ពស់ បង្កផលប៉ះពាល់ដល់ជីវភាព និងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។
លោក ជា វេង ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានឱ្យដឹងថា ខេត្តក្រចេះ មានស្ថានីយ៍ប្រេង សរុបចំនួន ១១១កន្លែង ក្នុងនោះ ស្រុកឆ្លូង មានចំនួន ១១ ស្ថានីយ៍ ស្រុកស្នួល មានចំនួន ៣៦ ស្ថានីយ៍ ស្រុកអូរគ្រៀងសែនជ័យ មាន ១៣ ស្ថានីយ៍ ក្រុងក្រចេះ មាន ២០ ស្ថានីយ៍ ស្រុកចិត្របុរី មាន ១៣ ស្ថានីយ៍ ស្រុកសំបូរ មាន ៦ ស្ថានីយ៍ និងស្រុកព្រែកប្រសព្វ មាន ១២ ស្ថានីយ៍។ គិតត្រឹមថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៦ មានស្ថានីយ៍ប្រេងឥន្ទនៈ ប្រមាណជា ៥០ ស្ថានីយ៍ហើយត្រូវបានបិតជាបណ្តោះអាសន្ន។
លោក ជា វេង ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានបញ្ជាក់ថា តាមការស៊ើបសួររបស់មន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្ត បានរកឃើញថា នៅខាងភូមិព្រៃគោ ក្នុងស្រុកឆ្លូង និងនៅឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ពិតជាមានករណីលក់ប្រេងឥន្ទនៈក្នុងតម្លៃពី ៧,០០០រៀល ទៅ ៨,០០០រៀល ក្នុង១លីត្រ ពិតមែន នៅតាមតូបតូចៗតាមភូមិ នាពេលកន្លងទៅ។ ដោយឡែកនៅស្ថានីយប្រេងឥន្ទនៈ ដេប៉ូចែកចាយបន្ត ក្នុងស្រុក ក្រុង គឺមិនមានឡើយ។
ជាមួយគ្នានោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានជម្រុញណែនាំឱ្យមន្ទីរជំនាញ អង្គភាព ស្ថានប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវចុះផ្សព្វផ្សាយអប់រំណែនាំដល់ម្ចាស់ស្ថានីយ៍ ប្រេងឥន្ទនៈ ដេប៉ូចែកចាយ និងអ្នកលក់រាយនៅតាមផ្ទះ ត្រូវអនុវត្តតាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម និងគោរពតាមច្បាប់។ ប្រសិនបើក្នុងករណីរកឃើញថា មិនអនុវត្តតាមច្បាប់ ត្រូវធ្វើកិច្ចសន្យា ផាកពិន័យជាប្រាក់ និងអាចឈានដល់ការដក អាជ្ញាប័ណ្ណបញ្ឈប់តែម្តង។
ឯកឧត្តម មានប្រសាសន៍បន្តថា ដើម្បីបង្ការ ទប់ស្កាត់ ជៀសវាងកុំឱ្យមានការខ្វះខាត ប្រេងឥន្ទនៈក្នុងការផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ នៅតាមស្ថានីយប្រេងឥន្ទនៈ ដេប៉ូចែកចាយបន្ត ត្រូវដាក់កំណត់ឱ្យបានច្បាស់ក្នុងការលក់ និងផ្គត់ផ្គង់ប្រេងឥន្ទនៈ ដូចជាក្នុងរថយន្ត១គ្រឿង អាចចាក់ប្រេងបានពី ២០ ទៅ៣០លីត្រ ជាដើម។
ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្តក្រចេះ បានណែនាំដល់រដ្ឋបាលខេត្ត ត្រូវចេញសេចក្តី ណែនាំស្តីពី ការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់ នៅក្នុងខេត្តក្រចេះជាបន្ទាន់៕

You might also like