កម្លាំងនគរបាលខេត្តកណ្ដាល បង្ក្រាបក្រុមចោរប្លន់៣នាក់ ដែលធ្វើសកម្មភាពក្នុងភូមិសាស្ដ្រខេត្តកណ្ដាល, ម្នាក់ពាក់ព័ន្ធករណីធាក់ប្លន់ស្ដ្រីលក់បន្លែនៅស្រុកកណ្ដាលស្ទឹង

(កណ្ដាល)៖ ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាដល់កម្លាំងជំនាញរបស់ស្នងការដ្ឋានរួមជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកណ្តាលស្ទឹង បានធ្វើការស្រាវជ្រាវបង្ក្រាបមុខសញ្ញា ធាក់ប្លន់ប្រជាពលរដ្ឋនៅពេលយប់ក្នុងភូមិសាស្ដ្រខេត្តកណ្ដាល។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ក្រុមជនសង្ស័យទាំង៣នាក់នេះ ធ្លាប់បានធ្វើសកម្មភាពធាក់ប្លន់ចំនួន៣ករណី រួមមាន ៖
*ករណីទី១៖ កើតហេតុនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៖៣០នាទី នៅចំណុច ផ្លូវជាតិលេខ២១ ស្ថិតនៅក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល
*ករណីទី២៖ កើតហេតុថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ២០២៥ ម៉ោង៥៖០០នាទី នៅចំណុច ជិតគណបក្សប្រជាជនកម្ពុជាភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
*ករណីទី៣៖ កើតហេតុនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង៣៖៥៧នាទី នៅចំណុច បណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល (ប្លន់ស្ដ្រីលក់បន្លែ)។ ករណីនេះចាប់ខ្លួនបានម្នាក់ដែលជាជនដៃដល់ និងបក្ខពួក២នាក់ទៀត កំពុងស្រាវជ្រាវ។
កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ដោយឡែក មុខសញ្ញាដែលនៅសេសសល់ កម្លាំងជំនាញកំពុងស្រាវជ្រាវបន្តដើម្បីឃាត់ខ្លួនចាត់ការតាមនីតិវិធី៕

You might also like