រដ្ឋមន្រ្តីក្រសួងព័ត៌មានបានអំពាវនាវឱ្យបន្តវិនិយោគលើសមភាពយេនឌ័រ ដើម្បីធានាថា ស្ត្រី និងក្មេងស្រីកម្ពុជាទទួលបានអត្ថប្រយោជន៍ និងមានសិទ្ធិអំណាចពេញលេញក្នុងការសម្រេចចិត្តលើគ្រប់វិស័យ

ភ្នំពេញ ៖ នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២៦–ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មានបានអញ្ជើញជាអធិបតីក្នុងពីធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្រ្តី និងគ្រួសារ »នាព្រឹកថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២៦ នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងសារដ៏មានអត្ថន័យជ្រាលជ្រៅ ដោយផ្តោតសំខាន់លើការលើកកម្ពស់សន្តិសុខផ្លូវចិត្ត និងសិទ្ធិសេរីភាពរបស់ស្ត្រី ក្នុងនាមជាកម្លាំងចលករមិនអាចខ្វះបានសម្រាប់អភិវឌ្ឍន៍សង្គមជាតិ។ ឯកឧត្តមបានរំលឹកអំពីទិវានារីអន្តរជាតិ ៨ មីនានេះថា ថ្ងៃនេះមិនត្រឹមតែជាការអបអរសាទរធម្មតានោះទេ ប៉ុន្តែគឺជាព្រឹត្តិការណ៍សកលមួយដើម្បីរំលឹកដល់ប្រវត្តិនៃការលះបង់ដ៏ធំធេងរបស់ស្ត្រីជុំវិញពិភពលោក។
ការតស៊ូទាំងនោះ រួមមានការទាមទារសិទ្ធិសេរីភាព ការប្រឆាំងនឹងការរើសអើងនៅកន្លែងការងារ និងការលុបបំបាត់ភាពមិនសមស្របនៃសមភាពយេនឌ័រ ដើម្បីឱ្យស្ត្រីមានសិទ្ធិពេញលេញក្នុងការសម្រេចចិត្ត និងចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍន៍ ខណៈប្រធានបទឆ្នាំនេះពិតជាមានភាពសមស្របខ្លាំងទៅនឹងស្ថានភាពសង្គមកម្ពុជានៅពេលបច្ចុប្បន្ន ដែលបានទទួលរងនូវការឈ្លានពានពីសំណាក់យោធាថៃ ដែលជាលទ្ធផលបានបន្សល់ទុកនូវជនភៀសសឹក រាប់ម៉ឺនគ្រួសារ ការខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជន ការបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ ជាពិសេសគឺការបូជាជីវិតដ៏អង់អាចក្លាហានរបស់វីរកងទ័ព ក្នុងបុព្វហេតុការពារទឹកដីមាតុភូមិរបស់យើង។សោកនាដកម្មនៃសង្គ្រាមឈ្លានពានទាំងពីរលើក បានប៉ះទង្គិចផ្លូវចិត្តរបស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងខ្លាំង បន្ទាប់ពីកម្ពុជាបានទទួលសុខសន្តិភាព លែងស្គាល់នូវសង្គ្រាមអស់រយៈពេល ៣០ ឆ្នាំកន្លងមកនោះ។ ក្នុងនាមជាមេគ្រួសារមួយរូប ឯកឧត្តមបានសម្តែងការកោតសរសើរមិនដាច់ពីមាត់ចំពោះភាពអត់ធ្មត់ និងភាពច្នៃប្រឌិតរបស់ស្ត្រី ដោយឯកឧត្តមបានអះអាងថា សមត្ថភាពរបស់បុរសត្រូវបានឆ្លុះបញ្ចាំងតាមរយៈស្ត្រីជាភរិយា ជាពិសេសក្នុងព្រឹត្តិការណ៍ជម្លោះព្រំដែនកន្លងមក ស្ត្រីដែលជាភរិយា និងគ្រួសារវីរកងទ័ពបានដើរតួនាទីជាអ្នកលើកទឹកចិត្តយ៉ាងអង់អាចក្លាហាន ទោះបីស្ថិតក្នុងស្ថានភាពភ័យខ្លាចយ៉ាងណាក៏ដោយ ក៏ពួកគាត់មិនចាកចេញ ឬរុញរានៅក្នុងការគាំទ្រស្វាមី និងបងប្អូនដែលកំពុងការពារទឹកដីឡើយ។ លើសពីនេះ ស្ត្រីក៏បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការកៀរគរជំនួយ ស្បៀងអាហារ និងសម្ភារប្រើប្រាស់នានា ដើម្បីចែកជូនដល់ជនភៀសសឹកបានទាន់ពេលវេលា ប្រកបដោយវីរភាពខ្ពស់បំផុត។ ឯកឧត្តមបានអំពាវនាវឱ្យមានការបន្តវិនិយោគលើសមភាពយេនឌ័រ ដើម្បីធានាថា ស្ត្រី និងក្មេងស្រីកម្ពុជាទទួលបានអត្ថប្រយោជន៍ពេញលេញ និងមានសិទ្ធិអំណាចពេញលេញក្នុងការសម្រេចចិត្តលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច អប់រំ សុខាភិបាល និងភាពជាអ្នកដឹកនាំ ដើម្បីអនាគតដ៏រុងរឿងនៃមាតុភូមិកម្ពុជា៕

You might also like